កំពង់ធំ÷ កម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ បានសហការជាមួយកម្លាំងចម្រុះ ដែលមានមន្ត្រីជលផលសង្កាត់ផាត់សណ្ដាយ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីឧទ្យានុរៈតំបន់រ៉ាំសា បានចេញសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះតាបរ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ សេង សំអុល បានបញ្ជាក់ថា ប្រតិបតិ្តការនេះមានការចូលរួមពីកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានបន្តសហការជាមួយ កម្លាំងចម្រុះប្រចាំការបង្ក្រាបបទល្មើសនេសាទនៅឃុំផាត់សណ្ដាយ ដោយបានបន្តចេញធ្វើសកម្មភាពនៅតំបន់កោះតាបរ នៅលើផ្ទៃបឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញចោលរបាំងសាច់អួនខុសច្បាប់ចំនួន៤ របាំង ដែលមានប្រវែងជាង ៦០០ ម៉ែត្រ កំទេចលបលូសាច់អួនចំនួន ៦ មាត់ បង្គោលរបាំងចំនួនជាង ៧០០ ដើម និងចាក់លេងត្រីចម្រុះប្រមាណ ៦ គីឡូក្រាម ហើយបានបន្តធ្វើសកម្មភាពបំផ្លាញរបាំងស្បៃមុង ខុសច្បាប់ប្រវែងជាង ៣០០ម៉ែត្រ លបលូចំនួន ១៤ មាត់ និងបង្គោលរបាំងចំនួនជាង ២០០ ដើម ចាក់លែងកូនត្រីចម្រុះចូលទន្លេវិញ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកសរសើរចំពោះកងកម្លាំងអន្តរាគមន៍ និងកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបទបញ្ជារបស់អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តម នួន ផា័រត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីគ្រប់គ្រងធនធានមច្ឆាជាតិ ឱ្យសំបូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងការពារធនធានធម្មជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗបន្តទៀត។

អត្ថបទ៖ កំពង់ធំ

