

យោងតាមសារដែលបង្ហោះដោយឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាព CMAC បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក និងជាដៃគូសហការជាមួយអង្គភាពCMAC នោះ ត្រូវបានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិក ឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។
ការបញ្ជាក់ថ្មីនេះធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសផ្អាកជាសកម្មភាពបណ្ដោះអាសន្ន នៅក្នុងមូលដ្ឋានខេត្តចំនួន៨ សម្រាប់រយៈពេលជិត ៣ខែ(៨៥ ថ្ងៃ) គិតពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ចាម, ក្រចេះ, មណ្ឌលគីរី, រតនគីរី, ស្ទឹងត្រែង, ត្បូងឃ្មុំ, ស្វាយរៀង និងខេត្តព្រៃវែង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ សម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជា គិតជាទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក។ ប៉ុន្តែបន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្ដាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។


កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានៅមានផ្ទៃដីដែលមានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ១ ៦០០ គីឡូម៉ែត្រទ្វេគុណ ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជាង ១លាននាក់។ គិតចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២៤ ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាប្រមាណជាង ២០ ០០០នាក់ និងអ្នករបួសជាង ៤៥ ០០០នាក់។ ដោយឡែកនៅក្នុងឆ្នាំ ២០២៤ ជនរងគ្រោះដោយសារគ្រាប់មីន សំណល់យុទ្ធភណ្ឌសង្គ្រាមមានចំនួន ៤៩ នាក់ ដោយក្នុងនោះស្លាប់ចំនួន ១២នាក់៕
អត្ថបទ៖ ឈិន ធារ៉ាត់

