សេដ្ឋកិច្ចជាតិ៖ យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ ដោយបានជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងនានានៃខេត្តហឺណាន។ លើសពីនោះកម្ពុជាសម្រេចបានការបន្ថែមនូវជើងហោះហើរត្រង់មកកាន់កម្ពុជា បន្ទាប់ពីកម្ពុជាធ្វើបច្ចុប្បន្នភាពអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ចិននាកន្លងមក។ តើជើងហោះហើរត្រង់ពីខេត្ត ហឺណាន ប្រទេសចិនមកប្រទេសកម្ពុជា ចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?

ការបន្ថែមជើងហោះហើរត្រង់ពីខេត្ត ហឺណាន ប្រទេសចិនមកប្រទេសកម្ពុជា ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាការបង្ករភាពកាន់តែងាយស្រួលដល់ ភ្ញៀវទេសចរចិន ពាណិជ្ជករចិន ធុរៈជនចិន និងអ្នកវិនិយោគចិន ឱ្យទទួលបានមធ្យោបាយធ្វើដំណើរមកកម្ពុជាកាន់តែលឿនឆាប់រហ័សជាងមុន និងច្រើនជើងហោះហើរជាងមុន។ មួយផ្នែកនេះមិនត្រឹមតែជួយដល់វិស័យទេសចរណ៍នោះទេ ក៏ប៉ុន្តែជាផ្នែកសំខាន់នៃចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ទៅលើការពង្រីកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យមានការវិនិយោគពីចិនហូរចូលប្រទេសកម្ពុជា ។
ជាមួយគ្នានោះដែរ ការភ្ជាប់ជើងហោះហើរដោយផ្ទាល់នឹងធ្វើឱ្យកម្ពុជាកាន់តែទាក់ទាញដល់វិនិយោគិនចិន ជាពិសេសក្រុមហ៊ុនធំៗមាននៅខេត្ត ហឺណាន កាន់តែងាកមកចាប់អារម្មណ៍លើការវិនិយោគបន្ថែមនៅក្នុងវិស័យផ្សេងៗ ដូចជាឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា ជាដើម។ អ្នកជំនាញបន្ថែមទៀតថា ការភ្ជាប់ទំនាក់ទំនង និង បណ្តាញធុរកិច្ច និងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏ជាចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងកម្ពុជា-ចិន ពិសេសការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
មួយវិញទៀត ការបន្ថែមជើងហោះហើរត្រង់ពីខេត្ត ហឺណាន ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ក៏ជាចំណែកមួយនៃការពង្រីកវិស័យអាកាសចរណ៍នឹងបង្កើតការងារថ្មីៗជាច្រើនទាំងផ្ទាល់និងប្រយោល។ លើសពីនោះ ក្រុមហ៊ុនចិនអាចជួយឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា និងជំនាញតាមរយៈការបណ្តុះបណ្តាលនានា។
គួររំលឹកដែរថា កាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកទេសចរចិនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ២២,៥% បើធៀបទៅនឹងឆ្នាំ ២០២៣។ សូមជម្រាបថា ពិធីបិទបញ្ចប់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» មានចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិន ប្រមាណ ១៥០០ នាក់ប្រកបដោយភាពជោគជ័យនិងស្នាមញញឹម៕
