យោងតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថាក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើដំណើរមកកាន់តំបន់អាស៊ាន ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ASEAN All Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។

នេះគឺជាលើកដំបូងក្នុងរយ:ពេល១៦ឆ្នាំចុងក្រោយ ដែលក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិសារជាថ្មីនៅប្រទេសម៉ាឡេស៊ី ដោយប្រកួតលើកចុងក្រោយគឺនៅឆ្នាំ ២០០៩ បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ២ដងក្នុងលទ្ធផល ៣-២ នៅថ្ងៃទី១៨ ខែកក្កដា និងលទ្ធផល ២-០ នៅថ្ងៃទី២០ ខែកក្កដា។

ចំពោះសមាជិកចុងក្រោយរបស់ Premier League ដែលប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី គឺក្រុម Liverpool កាលពីឆ្នាំ ២០១៥ ដោយបញ្ចប់លទ្ធផលស្មើគ្នា ១-១។
Man United នឹងហោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Aston Villa នៅលីគកំពូលអង់គ្លេស Premier League ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ ក្រៅពីការប្រកួត ASEAN All Stars ក្រុម Man United នឹងបន្តដំណើរទៅហុងកុង ដើម្បីប្រកួតមិត្តភាពផងដែរ៕

