ស្ត្រី និងសេដ្ឋកិច្ចជាតិ៖ ស្ត្រីគឺជាឆ្អឹងខ្នង ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ តាមរយៈការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមប្រសាសន៍សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤។

នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​យក​ចិត្ត​ទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ទិវាអន្តរជាតិនារី៨មិនា ខួបលើកទី ១១៤នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិការលើក កម្ពស់​សម​ភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពល ដោយទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី៕

Share.