សម្រាប់ខែតុលាឆ្នាំ២០២១នេះ មានកម្មវិធីប្រកួតប្រជែងសម្រស់ស្វែងរកម្ចាស់មកុដចំនួនធំៗ៣ នឹងធ្វើការស្វែងរកឱ្យឃើញម្ចាស់មកុដរៀងៗខ្លួនដើម្បីត្រៀមលក្ខណៈចេញទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ តើកម្មវិធីធំៗចំនួន៣នោះមានកម្មវិធីប្រកួតប្រជែងសម្រស់ណាខ្លះ?
សម្រាប់កម្មវិធីប្រកួតប្រជែងសម្រស់ ឬហៅថារាត្រីគ្រងមកុដទីមួយនោះគឺស្ថិតនៅក្នុងកម្មវិធី Miss Cambodia ដែលបានកំណត់កាលបរិច្ឆេទប្រកួតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (កម្មវិធីនេះបានរកឃើញម្ចាស់មកុដហើយ គឺជាបេក្ខនារីតំណាងឱ្យខេត្តបាត់ដំបងឈ្មោះ ប៉ូ គីមថេងសុទ្ធធីតា)
ខណៈដែលកម្មវិធីសម្រស់ទីពីរដែលនឹងចូលខ្លួនមកបម្រើចំណីចក្ខុប្រិយមិត្តអ្នកទស្សនាជាបន្តទៀតនោះគឺកម្មវិធី Miss Cambodia ដែលនឹងរៀបចំការប្រកួតក្រោយកម្មវិធី Miss Grand Cambodia ចំនួនពីរថ្ងៃ ពោលគឺរៀបចំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
សម្រាប់បេក្ខនារីដែលជាម្ចាស់ជយលាភីក្នុងកម្មវិធីនេះនឹងក្លាយជាបវរកញ្ញាឯកត្រៀមចេញទៅប្រកួតតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីធំៗចំនួន៣រួមមាន Miss International , Miss Earth និង Miss Tourism International។
ងាកមកកម្មវិធីប្រកួតធំចុងក្រោយដែលនឹងរៀបចំប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រឬ រាត្រីគ្រងមកុដរបស់ខ្លួននៅក្នុងខែតុលានេះដែរនោះគឺកម្មវិធីប្រកួតសម្រស់ Miss World Cambodia ដោយកម្មវិធីនឹងប្រកួតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ពោលគឺរៀបចំក្រោយកម្មវិធីប្រកួតទីពីរចំនួន៣ថ្ងៃប៉ុណ្ណោះ។
ប្រិយមិត្តដែលជាហ្វេនកម្មវិធីប្រកួតសម្រស់ អាចរង់ចាំតាមដាននិងគាំទ្របេក្ខនារីសំណព្វចិត្តរបស់ខ្លួនតាមការរៀបរាប់ខាងលើរបស់សារព័ត៌មានត្រយង ជាពិសេសចាំមើលតើបេក្ខនារីដែលប្រិយមិត្តគាំទ្រអាចក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួតដែរទេ?