ក្លិបបាល់ទះវិសាខា កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់ (Ranking) លេខ១ ក្នុង​ចំណោម​ក្លិប​ទាំង១០ ដែលធ្លាប់​​មាន​វត្តមាន​​ក្នុង​ពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) ក្រោយចុះក្នុងបញ្ជីសហព័ន្ធបាល់ទះអន្តរជាតិ FIVB ។ នេះ​យើង​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ volleybox។

តាម​រយ:​ការប្រកួត​កន្លង​មក​របស់​ក្លិបបាល់ទះវិសាខា ក្រោយចុះក្នុងបញ្ជីសហព័ន្ធបាល់ទះអន្តរជាតិ FIVB ចាប់​តាំង​ឆ្នាំ២០១៨ ត្រូវ​បាន​ផ្ដល់​ពិន្ទុ ដោយ​គិត​មក​ដល់​ពេល​នេះ​មាន ចំនួន ៤១.៩៥ពិន្ទុ។

ខាង​ក្រោម​គឺ​ជាពិន្ទុរបស់ សមាគម-ក្លិបកីឡាបាល់ទះ ចំនួនទាំង៩ ផ្សេងទៀត ក្រោយពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) ត្រូវបានចុះក្នុងបញ្ជីសហព័ន្ធបាល់ទះអន្តរជាតិ FIVB រួម​មាន÷

  • សមាគមកីឡាបាល់ទះវិសាខា មាន​ ៤១.៩៥ពិន្ទុ
  • ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស មាន​ ១ពិន្ទុ
  • សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ មាន​ 0.៥៥ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មាន​ 0.៥៣ពិន្ទុ
  • ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ មាន​ 0.៤៣ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ មាន​ 0.៣៦ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង មាន​ 0.២៥ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មាន​ 0.១៨ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ មាន​ 0.១៨ពិន្ទុ
  • ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្ត មាន​ 0.១៦ពិន្ទុ។

ជុំវិញលទ្ធផល​ពិន្ទុ​របស់​ក្លិប​ទាំង ១០​នៅ​ក្នុង​ពាន​រង្វាន់​ «តេជោលីគ» នេះ​ដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ចុះ​បញ្ជី​​នៅ​ក្នុង​ប្រព័ន្ធ FIVB គ្រាប់​ការ​ប្រកួត​ទាំងអស់ របស់​ក្លិបទាំង១០ នឹង​ទទួល​បានពិន្ទុ ០.០៥ ក្នុងករណីឈ្នះ។ លោកបន្តថា នេះ​គឺ​ជា​ផល​ចំណេញ​ដែល​សហព័ន្ធកីឡាបាល់ទះកម្ពុជា ជំរុញ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​អោយ​ក្លិប​នៅ​កម្ពុជា ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ FIVB ដើម្បី​មាន​ចំណាត់​ថ្នាក់​នៅ​ក្នុង​ពិភពលោក៕

Share.