ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង កំពុងបោះជំហានយ៉ាងសកម្មក្នុងការតុបតែងលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បី “វត្តភ្នំ” ដើម្បីត្រៀម​អបអរសាទរកម្មវិធី​សង្ក្រាន្ត ទទួលស្វាគមន៍ការយាង​មកដល់នៃទេវតាឆ្នាំថ្មី ​គឺ​ ព្រះនាង​ គោរាគទេវី។

ការតុបតែងនេះមិនត្រឹមតែបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបន្ថែមភាពអស្ចារ្យប្លែក​ភ្នែក ​ជាមួយ​នឹង​ការ​តុបតែង​រចនាបន្ថែម​​ភ្លើង​ភ្លឺចែងចាំង ចំណែក​ក្លោងទ្វារចូលក៏​ថ្នៃ​ជា​រចនាបទ​ខ្មែរយ៉ាង​ល្អ​ប្រណិត​ ​បង្កើត​បាន​ជា​ផ្ទាំងទស្សនីយភាពគួរឱ្យចាប់អារម្មណ៍​ ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ជីះ​កាត់​ លួច​កត់​ចំណាំ​ក្នុង​ចិត្ត​ថា ឆ្នាំ​នេះ​មិន​អាច​រំលង​សង្ក្រាន្ត​វត្តភ្នំ​បាន​ឡើយ។

ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្មវិធីដ៏រំភើបមួយ ដោយរដ្ឋបាលរាជធានីបានរៀបចំកម្មវិធីកម្សាន្តជាច្រើនបែបដើម្បី​បង្ក​បរិយាកាស​រីករាយ​សម្រាប់​អ្នកចូលរួម ក្នុងនោះមាន​ការ​ល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង និងដណ្តើមស្លឹកឈើ ដែលនឹងនាំមកនូវភាពស្និទ្ធស្នាលនិងសំណើចដល់មនុស្សគ្រប់វ័យ។

មិនតែកម្មវិធី​រីករាយ​សប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្មវិធីវប្បធម៌ប្រពៃណីក៏ត្រូវបានរៀបចំយ៉ាងអធិកអធមផង​ដែរ ដូចជា ពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈដ៏ប្រណិត ការប្រគុំតន្ត្រីបុរាណបញ្ចូលគ្នាជាមួយសម័យ និងការរាំកម្សាន្តដែលនឹងញ៉ាំងឱ្យបរិយាកាសកាន់តែ​សប្បាយខ្ញៀវខ្ញារនិង​គគ្រឹកគគ្រេង៕

សូមជំរាបជូន​ថា​ វត្តភ្នំ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់ ហើយក៏ជាចំណុចកណ្តាលនៃការ​បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់​ពលរដ្ឋ​ដែល​រស់​នៅទីក្រុង​ភ្នំពេញ បាន​មក​ជួបជុំ​គ្នាផងដែរ។ ឆ្នាំ​២០២៥ នេះ​ សង្ក្រាន្តវត្តភ្នំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ​នេះ៕

អត្ថបទ៖ ត្រយងតូច

Share.