ព្រៃវែង – ជាមួយនឹងអត្រាប្រឡងជាប់រហូតដល់ ៨៦% ខេត្តព្រៃវែងបានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមខេត្តទូទាំងប្រទេស ដែលមានភាគរយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់បំផុតក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ យោងតាមលទ្ធផលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនសរុប ៧,៥៩៩ នាក់ ក្នុងចំណោម ៩,២០១ នាក់ (ស្រី ៥,១៤៣ នាក់) នៅក្នុងខេត្តបានប្រឡងជាប់។ ក្នុងចំណោមនោះ មានសិស្ស ១៥០ នាក់ ទទួលបាន និទ្ទេស A។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចូលរួមអបអរសាទរដោយស្មោះចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលបានប្រឡងជាប់។
ឯកឧត្តមបានលើកឡើងពីកត្តាសំខាន់ៗចំនួន ៥ ដែលនាំឱ្យសម្រេចបានសមិទ្ធផលដ៏ធំធេងនេះ៖
- ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស៖ សមិទ្ធផលនេះគឺជាលទ្ធផលនៃភាពឧស្សាហ៍ព្យាយាមរបស់សិស្សក្នុងការរៀនសូត្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។
- ការលះបង់របស់មាតាបិតា និងអាណាព្យាបាល៖ ការខិតខំទំនុកបម្រុង និងលើកទឹកចិត្តរបស់អាណាព្យាបាលបានដើរតួនាទីយ៉ាងសំខាន់។ លោកក៏បានថ្លែងអំណរគុណដល់ពួកគេសម្រាប់ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ការយកចិត្តទុកដាក់របស់សាលារៀន និងលោកគ្រូ អ្នកគ្រូ៖ គុណភាពគរុកោសល្យ និងវិន័យរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ។
- កិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ៖ លទ្ធផលនេះក៏កើតចេញពីកិច្ចសហការរវាងរដ្ឋបាលខេត្ត មន្ទីរអប់រំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
- កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ៖ លោកបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលអនុញ្ញាតឱ្យវិស័យអប់រំរីកចម្រើន និងឆ្លើយតបទៅនឹងការវិវត្តន៍បច្ចេកវិទ្យា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមសម្តែងការសោកស្ដាយចំពោះបេក្ខជនដែលមិនបានប្រឡងជាប់ និងបានផ្ដល់សារលើកទឹកចិត្តយ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា ការមិនជាប់បាក់ឌុបមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ។ជាមួយគ្នានេះ ឯកឧត្តមបានណែនាំថា បេក្ខជនអាចបន្តការសិក្សាទៅមុខបានតាមរយៈជម្រើសផ្សេងៗដូចជា៖
- ចុះឈ្មោះប្រឡងឡើងវិញនៅឆ្នាំសិក្សាបន្ទាប់។
- ចូលរៀននៅតាមសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដែលមិនតម្រូវឱ្យមានសញ្ញាបត្របាក់ឌុប។
- ចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរៀបចំដោយក្រសួងការងារ។
- ចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង។
- ចុះឈ្មោះជាសិស្សស្វ័យរិន ដើម្បីត្រៀមប្រឡងនៅពេលក្រោយ។
លោកបានបញ្ចប់ដោយជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យមានសុខភាពល្អ និងបន្តទទួលបានជោគជ័យទាំងការសិក្សា និងការងារ៕

