ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៧ នាក់ បន្ទាប់ពីទទួលបានបណ្ដឹងករណីចាប់បង្ខាំងមនុស្សនៅមុខកាស៊ីណូដាយមិន ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។ ក្នុងចំណោមជនទាំង ៧ នាក់នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣ នាក់ ដែលត្រូវបានជួញដូរ ហើយជនសង្ស័យចំនួន ៤ នាក់ទៀត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១:០០ នាទីរំលងអធ្រាត្រ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋរាយការណ៍ថា មានជនជាតិចិនមួយក្រុមបានចាប់ជនជាតិចិនដូចគ្នាដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនបាត់។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម និងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវតាមប្រមាញ់។
រហូតដល់វេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យទាំង ៧ នាក់នៅចំណុចផ្លូវជាតិលេខ ៧១A ក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ។
ក្រោយការសាកសួរយ៉ាងល្អិតល្អន់ សមត្ថកិច្ចបានរកឃើញថា ជនចំនួន ៤ នាក់ពិតជាពាក់ព័ន្ធនឹងបទល្មើសខាងលើ ដែលជាករណីជួញដូរមនុស្ស និងចាប់ឃុំឃាំងធ្វើទារុណកម្មដោយខុសច្បាប់។ ចំណែកជនចំនួន ៣ នាក់ទៀត គឺជាជនរងគ្រោះ។
ជនសង្ស័យទាំង ៤ នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖ ១. ZHANG WEN HAI ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ២. CUI LI ZHI ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន ៣. WANG JIAN WU ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន ៤. LU BO ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទ ៤គ្រឿង រថយន្ត ២គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕


អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ