ព្រះសីហនុ៖ ព្រឹត្តិការណ៍ «សង្ក្រាន្តអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង» បានស្រូបទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ពិធីបុណ្យចូលឆ្នាំខ្មែរនាមាត់សមុទ្រ ជាពិសេសនៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍សង្ក្រាន្តបែបអ្នកកោះមួយនេះ។
យ៉ាងណាមិញ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកកោះ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកចូលរួមលេងកម្សាន្តសង្ក្រាន្តកោះរ៉ុងនាឱកាសនេះ ដើម្បីទេសចរណ៍កោះរ៉ុង ឱ្យមានភាពទាក់ទាញ និងប្រកបដោយភាពរីករាយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកលេងតំបន់កោះក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម បន្តថា ក៏ដូចឆ្នាំមុនៗដែរ ដែលរដ្ឋបាលក្រុងកោះរ៉ុង ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់រៀបចំសង្ក្រាន្តនៅគ្រប់ក្រុង ស្រុក និងទីតាំងតំបន់កម្សាន្តនានាតាមតំបន់ឆ្នេរ និងរូបសំណាកព្រះថោងនាងនាគ ដែលមានទីធ្លាធំទូលាយ ដើម្បីបង្កើតជាល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តក្នុងរដូវចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយដើម្បីទេសចរណ៍កោះរ៉ុង ជាពិសេសការបង្ហាញពីវប្បធម៌ អរិយ្យធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ។


ឯកឧត្តមអភិបាលខេត្ត ក៏បានលើកពីទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្តសម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ ជាពិសេសសម្រាប់ថ្ងៃនេះនៅលើឆ្នេរតំបន់ដីកោះ ក្នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយមានការរៀបចំតុបតែងលម្អសង្ក្រាន្ត និងការរៀបចំសម្អាតអនាម័យ បរិស្ថាននៅតាមឆ្នេររបស់យើងសម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានប្រារព្ធឡើងទៅចាប់ពីថ្ងៃទី៥ ខែមេសា រហូតទៅសម្រាប់អ្នកក្រុងកោះរ៉ុង ព្រោះវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។




សូមជម្រាបថា ក្នុងឱកាសនោះ ក៏មានការសម្តែងសិល្បៈមានដូចជា របាំឆៃយ៉ាំ របាំជូនពរ របាំគ្រុឌ រាំវង្ស សារ៉ាវ៉ាន់ ឡាំលាវ និងមានលេងល្បែងប្រជាប្រិយ៍ជាច្រើនផ្សេងទៀតមានដូចជា វាយក្អម លោតបាវ។ល៕
អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ
