សិល្បៈជាតិ៖ រាំវង់ និងរាំក្បាច់ មិនខុសពីល្បែង ប្រជាប្រិយប៉ុន្មានទេ (ចោលឈូង លាក់កូនខ្លែក លាក់កន្សែង បោះ អង្គញ់ ទាញព្រ័ត្រ ស្ដេចចង់…) គឺប្រជាជនខ្មែរនិយមនាំគ្នាលេង កម្សាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺ បុណ្យចូលឆ្នាំខ្មែរនេះតែម្ដង។

របាំប្រជាប្រិយរាំវង់ និងរាំក្បាច់ គឺប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុង ទូទាំងព្រះរាជាចក្រកម្ពុជា ទោះនៅទីក្រុងក៏ដូចជានៅជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់ សមុទ្រ គឺទទួលការពេញនិយមទាំងអស់។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយ ងាយក្នុងការរៀបចំសម្ដែងទៀតផង។ អាស្រ័យហេតុនេះហើយ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាហ្មឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេងទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះស្ទើរតែគ្រប់ៗគ្នា។
រាំវង់ រាំក្បាច់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគេរាំបន្តគ្នាជារង្វង់មូល។ រាំវង់ហាក់មានចង្វាក់រន្ថើន រីឯរាំក្បាច់មានចង្វាក់រាំរង្វើល និងជារបាំសម្រាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្ម ឬប្រកប របរចិញ្ចឹម ជីវិត។ សិល្បៈរបាំរាំវង់នេះ មានអាយុច្រើនសតវត្សណាស់ មកហើយនៅលើទឹកដីនៃមាតុភូមិកម្ពុជា។ ព្រោះតាំងពីបុរាណ ដ៏យូរលង់ ទាំងជនជាតិខ្មែរ ទាំងជនជាតិឯទៀតៗដែលស្ថិតក្នុងអម្បូរជាមួយគ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ…ក៏មាន ទំនាក់ទំនងជាមួយសិល្បៈរាំវង់ ឬជារង្វង់មូលនេះដែរ។

បងប្អូនជាជនជាតិខ្មែរលើ នៅភូមិភាគឦសាននៃប្រទេស និងតំបន់នៃភ្នំដទៃទៀត និយមរាំលេងកម្សាន្តនៅ ជុំវិញភ្នក់ភ្លើងនាពេលរាត្រី។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ មានច្រើនពាន់ឆ្នាំមកហើយ ហើយដែលមាន សេសសល់ រហូតដល់សព្វថ្ងៃនេះ។ ភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ ភូមិនេះ គឺប្រមូល ផ្តុំទៅដោយជនជាតិដើមភាគតិច «ទំពួន» ជាច្រើនគ្រួសាររស់នៅប្រកបរបរធ្វើស្រែចំការ បរបាញ់ និង នេសាទជាដើម។

ទោះបីសព្វថ្ងៃ សង្គមរស់នៅរបស់ជនជាតិដើមភាគតិចនៅក្នុងទីភូមិនេះ មានការប្រែប្រួលទៅតាមសម័យកាលរីកចម្រើនក្ដី ក៏ជាទូទៅពួកគេនៅតែរក្សាបាននូវលក្ខណៈប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនបានល្អ ពិសេសទាក់ទង នឹងការស្លៀកពាក់ និងរាំកម្សាន្តក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតា ជាជំនឿខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ មុនសម័យដែល ព្រាហ្មណ៍សាសនា និងពុទ្ធសាសនាហូរចូលមកទឹកដីខ្មែរទៀត គឺតាំងពីមុន៣០៩ឆ្នាំមុនគ.ស.ទៅទៀត (ព្រះតេជគុណ ប៉ាង ខាត់)។ ជនជាតិខ្មែរ តែងនាំគ្នាសង់រោងតូចមួយដោយមានធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូប មេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលនៅជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលាងអារក្ខនេះ។
គួរដឹងថា នៅក្នុងប្រភេទសិល្បៈរបាំប្រជាប្រិយ នៅប្រទេសកម្ពុជាក្រៅពីរាំវង់ និងរាំក្បាច់ ដែលជារបាំមូលដ្ឋាន របស់ជនជាតិខ្មែរនោះនៅមានរបាំ «ឡាំលាវ» និង «សារ៉ាវ៉ាន់» ថែមទៀត ដែលមានប្រជាប្រិយភាពធំធេង ហើយ មានការនិយមរាំជាមួយរាំវង់ និងរាំក្បាច់ជានិច្ចនោះផង។ ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំ សារ៉ាវ៉ាន់នេះ ជាឥទ្ធិពលរបស់ សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជាក្នុងឋានៈជាមិត្តភ័ក្តិ និងជាបងប្អូន និងជាអ្នកភូមិផងរបងជាមួយ ហើយត្រូវបានជនជាតិខ្មែរនិយមរាប់អានយ៉ាងក្រៃលែង។ ឯសារ៉ាវ៉ាន់វិញ គឺជាឈ្មោះ ខេត្តមួយរបស់ប្រទេសលាវជាប់គ្នានិងខេត្តអាត់តៈពើ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីខេត្តស្ទឹងត្រែងនៃប្រទេស កម្ពុជា។

ចំណែកខាងពេលវេលា ឬពិធីដែលរបាំប្រជាប្រិយសម្ដែងវិញ គឺមានលក្ខណៈទូលំទូលាយណាស់ ជាទូទៅគេច្រើន រាំក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទូទាំងប្រទេស ហើយមានកន្លែងខ្លះ ឬភូមិស្រុកខ្លះរាំលេងសប្បាយ រាប់ខែ មុនចូលឆ្នាំ និងរាំលេងរាប់ខែក្រោយពេលចូលឆ្នាំទៀតផង ដូចជានៅភូមិអន្លង់រមៀត ក្នុងខេត្តកណ្ដាល ស្ថិតនៅ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនេះជាដើម។ ហើយគេរាំលេងកម្សាន្តក្នុងពិធីអាពាហ៍ពិពាហ៍ មង្គលការកូន ប្រុសស្រី ពិធីជប់លៀង ពិធីបុណ្យតាមគ្រួសារ ឬរាំកែកម្សាន្តពេលជួបជុំញាតិមិត្តជិតឆ្ងាយ ឬក៏រាំដើម្បីបំបាត់ ការនឿយហត់ ក្រោយពេលបំពេញពលកម្មនានាថែមទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញរបាំ ប្រជាប្រិយ រាំវង់ រាក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ ត្រូវបានគេនិយមរាំលេងនៅតាមរង្គសាលនានា លាយចម្រុះជាមួយ នឹងក្បាច់របាំបរទេសនានារៀងរាល់រាត្រីផងដែរ៕
