ភ្នំពេញ៖ កម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣បានមួយស្ទុះ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ត្រូវបានក្រសួងការងារចុះសម្របសម្រួល ឱ្យបើកផ្លូវវិញ ហើយនាំតំណាងកម្មករចូលដោះស្រាយជាមួយភាគីរោងចក្រចប់សព្វគ្រប់ ជាលទ្ធផលបានយល់ស្របទៅតាមលក្ខខណ្ឌរបស់កម្មករហើយ។

នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោកបានឱ្យដឹងទៀតថា ក្រោយការពិភាក្សា និងសម្របសម្រួលរវាងភាគីរោងចក្រ និងកម្មករ បានឯកភាពគ្នាចំនួន ១០ចំណុច ក្នុងនោះរួមមាន ក្រុមហ៊ុននឹងអនុវត្តទៅតាមច្បាប់ស្តីពីការងារ, ក្រុមហ៊ុនយល់ព្រមធ្វើការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកបុណ្យដោយមានការស្ម័គ្រចិត្តពីខាងកម្មករនិយោជិត, ក្រុមហ៊ុននឹងធ្វើការពន្យល់ណែនាំដល់ប្រធានផ្នែក ក៏ដូចជាប្រធានក្រុម ឱ្យប្រើពាក្យសម្តីសមរម្យក្នុងការបំពេញការងារជាដើម៕
អត្ថបទ៖ តាតុងសែនជ័យ

