ព្រះសីហនុ÷ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តគ្រប់បណ្ដាក្រុង ស្រុក កន្លែងកម្សាន្ត ទាំងដីគោក ដីកោះ ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ ទេសចរណ៍ជាតិ អន្តរជាតិ ដែលទៅលេងកម្សាន្តខេត្តព្រះសីហនុ។


ជាក់ស្តែងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បាននឹងកំពុងជួបជុំគ្នាសប្បាយរីករាយក្នុងឱកាសនៃវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កម្សាន្តសប្បាយប្រកបដោយភាពថ្លៃថ្នូរ រក្សានូវសុជីវធម៌ គោរពគ្នាទៅវិញទៅមក និងចូលរួមលេងល្បែងរបាំប្រជាប្រិយ ដើម្បីរក្សាលើកស្ទួយវប្បធម៌អត្តសញ្ញាណជាតិឲ្យបានគង់វង្សរៀងរហូត។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដើម្បីឲ្យមានភាពសប្បាយរីករាយដូចនេះរៀងរាល់ឆ្នាំទាមទារឲ្យពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសន្តិភាព មានសន្តិភាពទើបមានអ្វីៗគ្រប់បែបយ៉ាង ជាពិសេសដូចពេលនេះ ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ជួបជុំគ្នារាំលេងកម្សាន្តសប្បាយអបអរបុណ្យចូលឆ្នាំថ្មី៕






អត្ថបទ÷ឈុន គឹមហៃ