សិល្បៈប្លែកៗ៖ តាមរយៈការចេញផ្សាយដោយសារព័ត៌មាន Khaosod បានឱ្យដឹងថា បុរសម្នាក់ចេញមកទម្លាយនៅលើបណ្ដាញសង្គមថា ខ្លួនជាកំពូលបុរសសាវ៉ាជាប់មាននិស្ស័យក្បត់ចិត្តមនុស្សស្រីជាស្រឡាញ់មកពីកំណើត​កែ​មិនបាន ទើបចុងក្រោយទប់លែងជាប់ក៏បង្ហាញត្រង់ៗថា ខ្លួនមានស្ត្រី ៥ នាក់ស្ម័គ្រចិត្តធ្វើជាភរិយារស់នៅរួមគ្នា និងមានកូន ១១ នាក់នៅក្នុងបន្ទុកគ្រួសារ។

បុរសរូបនេះមានឈ្មោះថា James Barrett មានអាជីពតន្ត្រីករមានវ័យ ៣០ ឆ្នាំ រស់នៅទីក្រុង Los Angeles បានក្លាយជាបុរសល្បីមួយរូបដែលមានអ្នកចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមព្រោះតែទម្លាយពីនិស្ស័យសាវ៉ាផ្លាស់ប្ដូរដៃគូស្នេហាច្រើនលើកច្រើនសាររបស់លោក។ ទីបំផុតបុរសរូបនេះទម្លាយថា នេះហើយជាសុភមង្គលសម្រាប់សម្ព័នភាពយ៉ាងពេញលេញមួយនៅក្នុងជីវិត ដោយមិនទទួលយកស្នេហាមួយស្មោះនឹងមួយ តែបែរជាសុខចិត្តមកចាប់យកស្នេហាដែលមានដៃគូច្រើនទៅវិញ។

ស្ត្រីទាំង ៥ នាក់ជាភរិយាតន្ត្រីកររូបនេះមានឈ្មោះ៖ Cameron វ័យ ២៩ ឆ្នាំ Jessica វ័យ ៣១ ឆ្នាំ Reta វ័យ ២៨ ឆ្នាំ  Gabby វ័យ ៣០ ឆ្នាំ និង Diana មានវ័យ ៣០ ឆ្នាំ។

បុរសសំបុរស្បែកខ្មៅសក់រួញរូបនេះបញ្ជាក់ថា និស្ស័យសាវ៉ាចំពោះទំនាក់ទំនងស្នេហារបស់លោកត្រូវបានភរិយាទទួលស្គាល់ និងដឹងលឺគ្រប់ៗគ្នា ដែលនេះហើយជាចំណុចមួយនេះធ្វើឱ្យលោកចាកចេញពីការបង្កាត់ទំនាក់ទំនងលួចលាក់បន្ថែមទៀត។ សព្វថ្ងៃនេះលោកមានអារម្មណ៍បានថាទទួលបានសេរីភាព និងស្ងប់អារម្មណ៍តណ្ហាបានច្រើនជាមុន នោះព្រោះតែលោកទទួលបានភាពគ្រប់គ្រាន់ពីភរិយាទាំង ៥នាក់។ លោកបែរទទួលបានអារម្មណ៍ថាលោកកាន់តែចាស់គំនិតជាងមុន និងក្លាយជាមេគ្រួសារមួយដែលមានបន្ទុកច្រើន និងរឹងមាំជាងមុន។

នៅពេលដែលមានភរិយាច្រើននាក់ដូចសព្វថ្ងៃនេះ វាពិតជាបានជួយឱ្យ James Barrett ទទួលបានឱកាសជួយជ្រោមជ្រែងពីភរិយាបានច្រើនដូចជា ឱកាសបង្កើតកូនជាច្រើននាក់ ឱកាសមានកូនញឹក និងជួយបំពេញចំណង់ចិត្តដែលលោកជាប់និស្ស័យសាវ៉ាមកពីកំណើតបានទាំងស្រុង។

យ៉ាងណាមិញ បុរសរូបនេះអះអាងថា នៅពេលលោកមានភរិយាច្រើននាក់មិនមែនជារឿងដែលទទួលបានក្ដីសុខ និងក្ដីស្រឡាញ់រហូតនោះទេ នៅពេលខ្លះលោកត្រូវប្រឈមជាមួយបញ្ហាជាច្រើនកើតឡើងនៅក្នុងគ្រួសារដូចជា ការប្រច័ណ្ឌ ការហួងហែង ទំនួលខុសត្រូវខ្ពស់លើផ្នែកហិរញ្ញវត្ថុ និងការបែងចែកពេលវេលាឱ្យភរិយាម្នាក់ៗមានពេលវេលាកក់ក្ដៅស្នើរៗគ្នា។

ជាចុងក្រោយលោក James Barrett និយាយថា នេះជារឿងលំបាកក្នុងការមើលថែភរិយាដល់ទៅ ៥នាក់ និងកូនប្រុសស្រី ១១ នាក់ ហើយវាពិបាកទាំងផ្លូវអារម្មណ៍ និងបញ្ហាហិរញ្ញវត្ថុ។ លោកថា សព្វថ្ងៃលោកស្រឡាញ់ភរិយារបស់លោកទាំងអស់គ្នា និងចង់ឱ្យពួកគាត់ក្លាយជាស្របច្បាប់ទាំងអស់ ប៉ុន្តែគ្មានច្បាប់ណាមួយគាំទ្រនោះទេ។ វាមិនមែនជារឿងសាសនា ឬមនោគមវិជ្ជានោះទេ ប៉ុន្តែនេះជាគឺធម្មជាតិរបស់មនុស្សពេញវ័យដែលសម្រេចចិត្តថា នឹងមានទំនាក់ទំនងស្នេហាច្រើននាក់។ លោកថា លោកមិនមែនជាគំរូល្អនៅក្នុងសង្គមនោះទេ។

សូមជម្រាបថា សារព័ត៌មានត្រយងដងស្រង់ព័ត៌មានមួយនេះ ពុំមានចេតនាផ្សព្វផ្សាយឱ្យបុរសឬស្ត្រីប្រព្រឹត្តិទង្វើភិតក្បត់ ឬអសីលធម៌ណាមួយនៅក្នុងសង្គមនេះទេ តែគ្រាន់តែជាដំណឹងដ៏គួរឱ្យពិចារណា និងទទួលយកនូវពុទ្ធិល្អៗដើម្បីចៀសវៀងការប្រឹត្តិមិនសមរម្យណាមួយតែប៉ុណ្ណោះ៕

Share.