សេដ្ឋកិច្ចជាតិ៖ កម្ពុជា បើកទទួលក្រុមហ៊ុនម៉ាឡេស៊ីចូលវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល និងឡូជីស្ទីក បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃក្រុមហ៊ុន MMAG Holdings Berhad និង NexG Berhad ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិបទនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ ក្រុមហ៊ុនដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល គឺកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ លើសពីនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានលើកបញ្ជាក់។
ដោយឡែក សម្តេចបវរធិបតី ក៏បានស្វាគមន៍គាំទ្រចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុន និងបង្ហាញពីក្តីរីករាយក្នុងជំនួបជាមួយអ្នកដឹកនាំអាជីវកម្ម។ សម្តេចបវរធិបតីបានបញ្ជាក់ពីគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ កំពុងអនុវត្ត ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឡូជីស្ទីក តាមរយៈការវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ការសាងសង់ព្រលានយន្តហោះថ្មី និងការកែលម្អផ្លូវថ្នល់ជាចម្បង។

ជាមួយគ្នានេះ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតលើឧស្សាហកម្មជាក់លាក់ និងអភិវឌ្ឍន៍គោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស ដើម្បីបង្កើតបរិយាកាសអំណោយផលនៃការវិនិយោគនៅកម្ពុជា។
ចំពោះវិស័យឌីជីថល សម្តេចបវរធិបតីបានលើកឡើងថា វាជាវិស័យអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលបានដាក់ជាគន្លឹះសម្រាប់ការអភិវឌ្ឍជាតិអនាគត។ សម្តេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន MMAG Holdings Berhad និង NexG Berhad ឱ្យបន្តធ្វើការផ្សារភ្ជាប់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សានិងស្វែងរកឱកាសវិនិយោគជាក់ស្តែង នៅព្រះរាជាណាចក្រកម្ពុជា៕

