កំពង់ចាម៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ «ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤» សម្រាប់បេក្ខភាពក្រុងកំពង់ចាម។




ក្នុងឱកាសនោះ លោក គន់ សុភា បានបញ្ជាក់ថា សម្រាប់ការចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់ចាម បានអនុវត្តបំពេញតាមសូចនាករគោលទាំង ៧ សូចនាករលម្អិតចំនួន ៤១ និងលក្ខណៈវិនិច្ឆ័យសរុប ១១៣ ស្មើនឹង ១២០ ពិន្ទុ ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍។

លោកអភិបាលរងខេត្ត បានបន្ថែមថា ទោះបីក្រុងកំពង់ចាម មិនទទួលបានជ័យលាភីផ្ការំដូង ៣ ទង ក្នុងចលនាប្រឡងប្រណាំងលើកនេះក្តី ក៏រដ្ឋបាលក្រុងនៅតែបន្តខិតខំអនុវត្តការងារទីក្រុងស្អាតជាប្រក្រតី ដូចជាការគ្រប់គ្រងសំណល់អគ្គិសនី និងសំណល់រឹង ការរក្សាអនាម័យ និងសោភណភាពទីក្រុង ការកែលម្អភាពទាក់ទាញទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីនៅលើកក្រោយៗទៀត រួមទាំងការចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាននាពេលអនាគតផងដែរ។






ជាមួយគ្នានេះ លោក សេង បូរមី បានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់នៅតាមក្រុង និងខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែមដ៏សំខាន់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនសង្គមជាតិឱ្យមានចីរភាព ៕
អត្ថបទ÷អាចារ្យលាក់
