ព្រឹកថ្ងៃសុក្រ នេះ កាសែតថៃ The Nation Thailand បានចេញផ្សាយថា ប្រទេសវៀតណាម ជឿជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះ ភាគីទាំងអស់នឹងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានធ្វើសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅពេលអ្នកកាសែតសួរអំពីភាពតានតឹងផ្នែកយោធារវាងប្រទេសជិតខាងទាំង២ លោកស្រី Hang បានគូសបញ្ជាក់ថា «ព័ត៌មាននោះ ភាគីទាំង២ បានពិភាក្សាគ្នារួចហើយ»។ «យើងជឿជាក់ថា រាល់ការខ្វែងគំនិតគ្នា នឹងត្រូវបានដោះស្រាយតាមរយៈការចរចា និងវិធានការផ្សេងៗដោយសន្ដិវិធី ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង២ ក្នុងស្មារតីសាមគ្គីភាពអាស៊ាន និងស្របតាមច្បាប់អន្តរជាតិ»។


យោងតាមក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ទាហានខ្មែរម្នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ជាប់ព្រំដែនប្រទេសថៃ។ ក្រសួងបានចេញសេចក្ដីថ្លែងការណ៍ថា ទាហានថៃបានបើកការបាញ់ប្រហារលើទីតាំងដែលកងកម្លាំងកម្ពុជា ឈរជើងជាយូរមកហើយ។



បើតាមអ្នកនាំពាក្យយោធាថៃ លោក Winthai Suvaree បានប្រាប់ថា ទាហានថៃ បានព្យាយាមចរចាជាមួយយោធាកម្ពុជា ដើម្បីចៀសវាងការកាន់កាប់ទីតាំងក្នុងតំបន់មានជម្លោះ ប៉ុន្ដែត្រូវបានបណ្ដេញចេញ។ លោក Winthai បានថ្លែងថា «កងកកម្លាំងកម្ពុជាយល់ខុសពីស្ថានការណ៍ ហើយចាប់ផ្ដើមប្រើអាវុធមុន ដូច្នេះថៃបានឆ្លើយតបវិញ»។ លោកថា «ការប៉ះទង្គិចរវាងទាហានទាំង២ មានរយៈពេលប្រហែល ១០នាទី ហើយអំឡុងពេលប៉ះទង្គិតនោះ មិនបណ្ដាលឱ្យទាហានថៃរងរបួសទេ»៕

