ក្រោយមានការប្រកាសចែកផ្លូវជាមួយកីឡាករសំខាន់ៗ មួយចំនួន ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានចេញក្តីថ្លែងការណ៍ខ្លីមួយ បញ្ជាក់អំពីមូលហេតុនៃការចាកចេញរបស់កីឡាករឆ្នើមៗប្រចាំក្រុមដូចជា Yudai Ogawa, Andres Nieto និង Ose Takaki ដែលបានរួមដំណើរជាមួយក្រុមអស់រយៈពេល៥ឆ្នាំកន្លងមក។

នៅក្នុងចេញក្តីថ្លែងការណ៍នោះ ក្លិបបាល់ទាត់ភ្នំពេញក្រោន ថា៖ ក្រោយរដូវកាល២០២៤-២៥ ត្រូវបានបញ្ចប់ មានកីឡាករបរទេសមួយចំនួនបានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីកិច្ចសន្យារបស់ពួកគេក៏ត្រូវបានបញ្ចប់ដែរនោះ។
ក្នុងចេញក្តីថ្លែងការណ៍បានបន្តថា៖ ជាការពិតណាស់ ពួកគេគឺជាកីឡាករស្នូលរបស់ភ្នំពេញក្រោនអស់រយៈពេល ៤ ឬ ៥ រដូវកាលមកហើយ ហេតុនេះ វាជាពេលវេលាដែលពួកគេបានសម្រេចចិត្តក្នុងការស្វែងរកឱកាសថ្មី និងបទពិសោធបាល់ទាត់ថ្មីសម្រាប់ខ្លួនឯង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្លិបបានគោរពតាមការសម្រេចចិត្តរបស់ពួកគេក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗបន្ថែមទៀតក្នុងបរិបទរៀងៗខ្លួន ដោយហេតុថា នាពេលកន្លងមក ពួកគេបានលះបង់ពេលវេលាដ៏សំខាន់នៃអាជីពរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការសាងភាពជោគជ័យ និងការរីកចម្រើនរបស់យើងទាំងក្នុង និងក្រៅទីលាន។

ជាការកត់សម្គាល់ ក្នុងអំឡុងពេលដែលពួកគេបានរួមរស់ជាមួយក្លិបភ្នំពេញក្រោន កីឡាករទាំងនេះបានបង្ហាញពីវិជ្ជាជីវៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តយ៉ាងជាប់លាប់។ ពួកគេជាតួអង្គសំខាន់ក្នុងការទទួលបានជ័យជម្នះដ៏គួរឱ្យចងចាំជាមួយនឹងការលេងដ៏អស្ចារ្យ និងជំរុញការអភិវឌ្ឍន៍ក្រុមរបស់យើង។
សមិទ្ធផលដែលពួកគេទទួលបានជាមួយក្លិប វានឹងក្លាយទៅជាកំណត់ត្រាដ៏ស្ថិតស្ថេរ និងយូរអង្វែងមួយហើយយើងនឹងចងចាំពួកគេជានិច្ចព្រោះពួកគេគឺជាសមាជិកដ៏សំខាន់នៃ «គ្រួសារភ្នំពេញក្រោន»។
យើងទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកីឡាករទាំងអស់ ព្រោះការរួមចំណែក ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេគឺពិតជាមានតម្លៃណាស់សម្រាប់ពួកយើងហើយសូមជូនពរឱ្យពួកគេទទួលបានសំណាងល្អនាពេលអនាគតទាំងក្នុងអាជីពបាល់ទាត់ និងការងារផ្ទាល់ខ្លួន ជាពិសេស ភ្នំពេញក្រោននឹងនៅតែស្វាគមន៍ពួកគេជានិច្ច។
សម្រាប់អ្នកគាំទ្រដ៏គួរឱ្យគោរពរបស់យើង សូមបន្តរួមគ្នាជាមួយភ្នំពេញក្រោនដែលនឹងបន្តដំណើរទៅមុខទៀតប្រកបដោយភាពខ្លាំងក្លា ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងក្រុមដ៏រឹងមាំ និងមានការប្រកួតប្រជែងខ្ពស់។ ក្លិបនឹងបន្តវិនិយោគលើការពង្រឹងទេពកោសល្យ សមត្ថភាព ការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានកីឡាករ ស្របទៅតាមទស្សនវិស័យរបស់យើងដើម្បីធានាថា យើងបានត្រៀមខ្លួនបានល្អសម្រាប់បញ្ហាប្រឈម និងឱកាសថ្មីៗនៅរដូវកាលខាងមុខនេះ។

សម្រាប់លោកគ្រូ Oleg Starynskyi បានសម្រេចបន្តកិច្ចសន្យាជាមួយក្លិប ២ឆ្នាំបន្ថែមទៀតចូលរួមជាមួយភ្នំពេញក្រោន បន្ទាប់ពីចូលរួមជាមួយក្លិបអំឡុងឆ្នាំ២០២០ ក្នុងនាមជាគ្រូបង្គោល គិតមកដល់ពេលនេះមានរយៈពេល ៥ ឆ្នាំ នឹងបានសាងភាពជោគជ័យមកកាន់ក្លិបជាច្រើន ដោយបានឈ្នះគ្រប់ពានទាំងអស់នៅកម្ពុជា រួមមាន Cambodia Premier League ចំនួន ២លើក ពានរង្វាន់សម្ដេច ហ៊ុន សែន ចំនួន ១លើក និង ពានរង្វាន់ Cambodia Super Cup ចំនួន ២លើកផងដែរ។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេរុះរើក្រុមទ្រង់ទ្រាយធំ ដោយបានចែកផ្លូវគ្នាជាមួយកីឡាករបរទេស និងកីឡាករសំខាន់ៗជាច្រើន ជាពិសេសគឺ Yudai, Nieto និង Takaki ខណ:កីឡាករបរទេស ៣រូបទៀត រួមមានIbeh Ofufu, Jelle Goselink និង Javier Gayoso៕






