ត្បូងឃ្មុំ÷ នៅដើមខែមិថុនា ឆ្នាំ២០២៥នេះ កសិករនៅខេត្តត្បូងឃ្មុំបានចាប់ផ្តើមប្រមូលផលទុរេន ៤ ប្រភេទ លើផ្ទៃដីប្រមាណ១,០០០ហិកតា ដោយទទួលបានទិន្នផលជាមធ្យម១៥តោនក្នុង១ហិកតា។




កសិករបានលើកឡើងថា ទុរេនឆ្នាំនេះ ឲ្យទិន្នផលខ្ពស់ តម្លៃលក់សម្រាប់១គីឡូក្រាម គឺពី ១៤,០០០រៀល ដល់ ១៦,០០០រៀល ជាពិសេសទុរេនមានគុណភាពល្អ សុវត្ថិភាព គ្មានសារធាតុគីមី និងមានរសជាតិផ្អែមឈ្ងុយ។
លោក ហេង ទូច អាយុ៤៦ឆ្នាំ មកពីភូមិចន្ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ មានដំណាំទុរេនម៉ាន់ថងចំនួន៨៥០ដើមលើដី៦ហិកតា ដោយគាត់រំពឹងថានឹងទទួលបានទិន្នផលប្រមាណ៨០តោននៅក្នុងឆ្នាំនេះ។ លោកបន្តថា ក្នុងមួយថ្ងៃអាចប្រមូលបាន៥ទៅ៦តោន ហើយលក់បោះដុំក្នុងតម្លៃ១៤,០០០រៀល/គីឡូក្រាមនិង១៦,០០០រៀល/គីឡូក្រាម សម្រាប់អ្នកទិញរាយហើយការប្រមូលផលអាចប្រមូលផ្លែបានក្នុងរយៈពេលប្រហែល១៥ថ្ងៃប៉ុណ្ណោះ។






ប្រភេទទុរេនដែលគេដាំមានរួមទាំង៖ ទុរេនដូនតា, រី៦, មូសាំងគីម និងម៉ាន់ថង។ ចំណែកទុរេនម៉ាន់ថង ជាពូជដែលឈានដល់ការប្រមូលផ្លែចុងក្រោយ។ កសិករមានទីផ្សារច្បាស់លាស់ ដោយមានអ្នកទិញមកដល់ដីចម្ការផ្ទាល់តែម្តង ហើយលក់បានទាំងក្នុងខេត្ត ក្រៅខេត្ត និងទៅទីក្រុងភ្នំពេញផងដែរ។ ទុរេនទាំងនេះត្រូវបានដាំតាមបច្ចេកទេសទំនើប ដោយគ្មានការប្រើសារធាតុគីមី។
អត្ថបទ÷អាចារ្យលាក់
