ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារបញ្ហាកកស្ទះលូ ធ្វើឱ្យចរន្តទឹកស្អុយហូររំដោះចេញមិនរួច ហៀរមកលើផ្លូវបេតុង រួមជាមួយក្លិនស្អុយ ច្រើនថ្ងៃមកហើយ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ រួមសហការជាមួយសាលារាជធានីភ្នំពេញ ចាត់វិធានការសម្អាតប្រព័ន្ធលូ ដោយប្រើប្រាស់រថយន្តបូម និងកាយល្បាប់ភក់ចេញ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីពលរដ្ឋរាយការណ៍និងស្នើសុំឱ្យជួយរកដំណោះស្រាយ បញ្ហាទឹកកកខ្វក់ហូរហៀរមកលើផ្លូវ ដែលមានក្លិនស្អុយ នៅព្រឹកនេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង រួមជាមួយមន្ត្រីជំនាញសាលារាជធានីភ្នំពេញ ចុះពិនិត្យទីតាំងខាងលើ និងចាត់វិធានការ ដោយប្រើប្រាស់រថយន្តបូម និងកាយ សម្អាតតាមអណ្តូងលូឡើងវិញ ដើម្បីឱ្យចរន្តទឹកហូរ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ សម្អាត បរិស្ថាន វេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងចោលរាយប៉ាយ ប៉ើងធ្លាក់ហូតចូលក្នុងអណ្តូងលូ នាំឱ្យស្ទះចរន្តទឹកហូរ ៕

អត្ថបទ៖ តាតុងសែនជ័យ

