ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកឧកញ៉ា ម៉ុង ឫទ្ធី មិនគាំទ្រនឹងការលើកឡើងឲ្យកាត់បន្ថយការបង្កបង្កើនផលកសិកម្មនោះទេ បើទោះបីជាកកសិផលមួយចំនួនត្រូវរាំងខ្ទប់ដោយសារជម្លោះព្រំដែនក៏ដោយ ផ្ទុយមកវិញអ្នកនិយោគត្រូវបង្កើត និងបង្កើនខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផលបន្ថែម ដើម្បីពង្រីកទំហំទីផ្សារជូនកសិករ។

ការលើកឡើងនេះបានធ្វើឡើងក្នុងបរិបទដែលកម្ពុជាកំពុងជួបប្រទះវិបត្តិព្រំដែនជាមួយភាគីថៃ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ការនាំចេញកសិផលមួយចំនួន។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា កន្លងមកកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ដើម្បីកែប្រែស្ថានភាពពីការពឹងផ្អែកលើប្រទេសជិតខាង មកជាការធ្វើម្ចាស់ការលើផលិតកម្មខ្លួនឯងវិញ ហើយលទ្ធផលដែលសម្រេចបាននាពេលនេះគឺគួរឱ្យមោទនភាពបំផុត។ ក្នុងន័យនេះ លោកបានសម្តែងការមិនពេញចិត្តចំពោះការយកបញ្ហាតម្លៃកសិផលមកធ្វើជាល្បែងនយោបាយក្នុងបំណងបង្អាក់ស្មារតីកសិករ ឬបំបែកបំបាក់សាមគ្គីភាពរវាងកសិករ និងរាជរដ្ឋាភិបាលដែលកំពុងខិតខំជំរុញការផលិត។

លើសពីនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានអំពាវនាវដល់វិនិយោគិនដែលមានធនធាន ឱ្យងាកមកចាប់អារម្មណ៍លើការបង្កើតរោងចក្រផលិតចំណីសត្វក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីជួយឱ្យតម្លៃចំណីសត្វទាំងលើគោក និងក្នុងទឹកមានតម្លៃទាប ដែលជាកត្តាសំខាន់ជួយឱ្យកសិករមានលទ្ធភាពប្រកួតប្រជែងតម្លៃនៅលើទីផ្សារ។ ចំពោះមុខជំនួញផ្ទាល់ខ្លួនវិញ លោកនៅតែបន្តប្រមូលទិញកសិផលពីកសិករជានិច្ច និងប្តេជ្ញាបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីធានាថាមានទីផ្សារក្នុងស្រុកគ្រប់គ្រាន់សម្រាប់ស្រូបយកទិន្នផលដែលកសិករផលិតបាន៕

Share.