កណ្តាល ៖ ទីតាំងសង្វៀនជន់មានមួយកន្លែង ត្រូវបានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនបានមេខ្លោងម្នាក់ ដកហូតបានម៉ូតូចំនួន១៩គ្រឿង មាន់ជល់៣ក្បាល និងសម្ភារៈមួយចំនួន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅត្រង់ចំណុចចំការស្វាយមិនស្គាល់ម្ចាស់មួយកន្លែង ក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក ណុប តារា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនិតិវិធីដោយលោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារងអមសាលាខេត្តកណ្តាល កម្លាំងចម្រុះស្រុក កម្លាំងកងរាជអាវុធខេត្ត និងស្រុកស្អាង បង្ក្រាបសហ្វៀនជល់មាន់ចំណុចខាងលើជាក់ស្តែង ឃាត់ខ្លួនមេខ្លោងកាងបនល្បែងម្នាក់ ដកហូតបានម៉ូតូចំនួន១៩គ្រឿង និងសម្ភារៈប្រើក្នុងសង្វៀនល្បែងមួយចំនួនទៀត ។

សមត្ថកិច្ចបន្តទៀយថា ជនដែលបានឃាត់ខ្លួនមាន ឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ក្បាលកោះ លិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយបង្ក្រាបឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

