សេអ៊ូល៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung បានចាប់ផ្តើមអាណត្តិរបស់លោក ចាប់ពីថ្ងៃពុធ ទី៤ ខែមិថុនានេះ ដោយប្តេជ្ញាថា នឹងស្ដារប្រទេសពីភាពចលាចលនៃវិបត្តិច្បាប់អាជ្ញាសឹក រួមទាំងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងការបង្រួបបង្រួមជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥។

លោក Lee ដែលជាអតីតមេធាវីសិទ្ធិមនុស្ស និងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី វ័យ ៦១ឆ្នាំរូបនេះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសំឡេងគាំទ្រ ៤៩,៤២% ដោយផ្តួលបេក្ខជនបក្សអភិរក្សនិយមលោក Kim Moon-soo ដែលមានសំឡេងគាំទ្រត្រឹម ៤១,១៥%។ ការបោះឆ្នោតជាតិនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ និងការដកតំណែងអតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលបានប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ និងបង្កឲ្យមានការជាប់គាំងនយោបាយ។

ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ លោក Lee បាននិយាយថា «អរគុណប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ។ ខ្ញុំនឹងមិនភ្លេចបេសកកម្មដែលអ្នកបានប្រគល់ឱ្យខ្ញុំឡើយ ខ្ញុំនឹងមិនធ្វើឱ្យមានកំហុសឆ្គងឡើយ»។
គោលនយោបាយអាទិភាពភ្លាមៗរបស់លោក Lee រួមមាន ការដោះស្រាយអតិផរណា ការជំរុញការបង្កើតការងារ និងការដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ ជាពិសេសសហរដ្ឋអាមេរិក ទាក់ទិននឹងការដំឡើងពន្ធនាពេលថ្មីៗនេះ។

ចំពោះគោលនយោបាយការបរទេស លោក Lee បានបញ្ជាក់ឡើងវិញនូវសម្ព័ន្ធភាពជាយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន និងការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយប្រទេសជប៉ុន។
ទន្ទឹមនោះ លោកក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងស្តារទំនាក់ទំនងស្ថិរភាពសេដ្ឋកិច្ចឡើងវិញជាមួយប្រទេសចិន។
សូមជម្រាបថា ជ័យជម្នះរបស់លោក Lee នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ គឺជាការឈានទៅរកការផ្លាស់ប្តូររបស់ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ី។ នៅក្រោមច្បាប់បោះឆ្នោតរបស់កូរ៉េខាងត្បូង ប្រធានាធិបតីជាប់ឆ្នោតថ្មីចូលកាន់តំណែងភ្លាមៗនៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ពីលទ្ធផល៕

