សិល្បៈជាតិ៖ ប្រជាពលរដ្ឋខ្មែរភាគច្រើនហៅប្រាសាទនេះថា ប្រាសាទតាក្របី ហើយមិនមានភ័ស្តុតាងណាមួយដែលអាចបញ្ជាក់អំពីឈ្មោះតាក្របីនេះឡើយ ចុះឈ្មោះ តាក្របី នេះមកពីណា? ឬភាគច្រើនគេអាចនឹងយោងតាមរូបចម្លាក់ព្រះយមគង់នៅលើសត្វក្របីដែលពីមុនធ្លាប់មាននៅទីនេះក៏អាចថាបាន។


ក្នុងទស្សនៈខ្មែរ ប្រាសាទតាក្របី ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣ ស្ថិតនៅក្នុងរចនាបថឃ្លាំង។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ការកសាងប្រាសាទ ជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពជាព្រះឥសូរ គឺគេឱ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឱ្យតម្លៃទៅលើព្រះវិស្ណុ។ យ៉ាងណាមិញ ក្នុងទស្សនៈខ្មែរប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាង។ តាមទស្សនៈខ្មែរ ប្រាសាទតាក្របីមានឈ្មោះពិតគឺជា ប្រាសាទព្រះដង្វាយ។
នៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំងលោក Etienne Aymonier និងលោក Lunet De Lajonquière បានកត់ត្រាឈ្មោះដើមរបស់ប្រាសាទតាក្របីនេះថា «ព្រះឥសី» ឬ «ព្រះឫស្សី»។ ឯកសាររបស់អ្នកស្រាវជ្រាវជនជាតិបារាំង ប្រាសាទនេះធ្លាប់បានសិក្សាខ្លះៗ និងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌតាំងពីចុងស.វ.ទី១៩ ដើមស.វ.ទី២០។ ការសិក្សារបស់លោក Etienne Aymonier ក៏បានបង្ហាញថា ទីតាំងប្រាសាទនេះមាននៅសល់បំណែកកុលាលភាជន៍បុរាណជាច្រើន ជាពិសេសនៅត្រង់ ២០០ ម៉ែត្រ ខាងកើតប្រាសាទតាក្របី។
ប្រាសាទតាក្របី សង់ឡើងពីថ្មភក់មានរាងបួនជ្រុងស្មើរជាទម្រង់ប្រាសាទទោល មានកម្ពស់ប្រមាណ ២៥ ម៉ែត្រ ដែលមានខ្លោងទ្វារបួន ខ្លោងទ្វារសំខាន់បែរទៅទិសខាងកើត។ តួប្រាសាទមានប្លង់រាងកាកបាទបែរមុខទៅកើត ខ្លោងទ្វារខាងកើតមានប្រវែងវែងជាងតិចតួចខ្លោងទ្វារបីផ្សេងទៀត។ ខឿនប្រាសាទទាប ឯផ្នែកខាងក្រោមបង្អស់សាងពីថ្មបាយក្រៀម ហើយផ្នែកខាងលើសាងពីថ្មភក់ទាំងអស់ ដំបូលសាងរាងមូលត្រង់រៀបជា ៥ជាន់ឡើង។ ចំណែកឯដំបូលខ្លោងទ្វារសាងលយបង្ហាញឱ្យឃើញហោជាងច្បាស់។ នៅលើប្រាង្គប្រាសាទទាំងមូល មានតែថ្មភក់ដែលមិនទាន់ឆ្លាក់ចេញជាក្បាច់លម្អអ្វីឡើយ គ្រាន់តែបានដាប់ថ្មឱ្យចេញជារូបរាងហោជាង ឬផ្តែរទ្វារប៉ុណ្ណោះ។ នៅប្រាសាទនេះឃើញមានសក្ការៈមានថ្មធម្មជាតិ ដែលបុរាណវិទូហៅថា ស្វយម្ភូលិង្គ។
សព្វថ្ងៃប្រជាជនខ្មែរនៅតែនៅឡើងទៅគោរពបូជានៅប្រាសាទតាក្របីនៅឡើយ ដោយប្រជាជនខ្មែរឡើងទៅធ្វើកិច្ចពិធីនៅពេលដែលមានបុណ្យទានធំៗ គឺជាពិសេសនៅក្នុងឱកាសចូលឆ្នាំខ្មែរ ក្រៅពីនោះគឺគ្រាន់តែបួងសួងសុំសេចក្ដីសុខសេចក្ដីសប្បាយឱ្យផុតពីគ្រោះភ័យតែប៉ុណ្ណោះ។ ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ភាគខាងកើតប្រាសាទតាមាន់ធំ៕
