បាត់ដំបង÷ សមត្ថកិច្ច និងមន្ត្រីចម្រុះចុះពិនិត្យរកឃើញទំនិញខូចគុណភាព និងហួសកាល​បរិច្ឆេទប្រើប្រាស់ចំនួន ៩៧,៣៦គីឡូក្រាម ខណ:ម្ចាស់ធ្វើអាជីវកម្មលក់ដូរលើទីផ្សារ តៀម និងម៉ាតមួយចំនួននៅក្នុងខេត្តបាត់ដំបង តាមបណ្តោយតំបន់ព្រំដែន។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ការឆ្មក់ចុះតាមដានត្រួតពិនិត្យនេះធ្វើឡើងមានរយ:ពេល ២ថ្ងៃ គឺនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ ត្រង់គោលដៅទីផ្សារជាច្រើនរួមមាន: ទីផ្សារទីប្រជុំជនស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងទីផ្សារក្នុងស្រុកកំរៀង តំបន់ព្រំដែន ខេត្តបាត់ដំបង។

យុទ្ធនាការចុះត្រួតពិនិត្យដូចភ្លៀងរលឹមខាលើនេះធ្វើឡើងរវាងកម្លាំងនគរបាលប្រឆាំងបទល្មេីសសេ​ដ្ឋកិច្ច​ស្នងការខេត្ត មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មផងដែរក្នុងនោះបានត្រួតពិនិត្យទីផ្សារលក់ទំនិញចំនួន​ ៦​តូប ក្នុងស្រុកសំពៅលូនរកឃើញទំនិញខូចគុណភាព និងហួសកាល​បរិច្ឆេទប្រើប្រាស់ដូចជា មី ភេសជ្ជៈកំប៉ុង នំ គ្រឿងសម្អាងមួយចំនួន គោលដៅបន្ទាប់ក្នុងផ្សារហេង ថេង ពេជ្រចិន្តា ស្រុកភ្នំចំនួន ៨តូប តៀមលក់ដូរតាមផ្ទះ ៦តៀម ម៉ាតចំនួន ២កន្លែងទៀត ប៉ុន្តែរកមិនឃើញមានទំនិញខូចគុណភាព និងហួសកាល​កំណត់ប្រើប្រាស់ទេ ដោយឡែកគោលដៅចុងក្រោយសមត្ថកិច្ច និងមន្ត្រីចម្រុះបន្តចុះត្រួតពិនិត្យលើហាងម៉ាតតេលាចំនួន​ ២​កន្លែង ផ្ទះលក់ទំនិញចំនួន ២ផ្ទះ ស្ថិតនៅក្នុងស្រុកកំរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនរួមមាន: ទឹកសេរ៉ូដប ទឹកដោះគោប្រអប់ មី នំកញ្ចប់ចម្រុះមួយជាច្រើនទៀត។

លទ្ធផលចុះត្រួតពិនិត្យទាំង ២ថ្ងៃបានដកហូតទំនិញសរុបចំនួន ៩៧,៣៦គីឡូក្រាមជាការព្រមាន និងពិន័យអន្តរការតាមច្បាប់ ក្រៅពីនេះបានអប់រំណែនាំ ផ្សព្វផ្សាយនូវនីតិវិធី ឯកសារគតិយុត្តដែលពាក់ព័ន្ធជាមួយទំនិញនីមួយៗថែមទៀត៕

អត្ថបទ: ដំបងក្រញូង

Share.