បាត់ដំបង÷ ស្ថានភាពច្រកទ្វារអន្តរជាតិដូង បានវិលទៅរកសភាពធម្មតាវិញក្រោយបញ្ហាតំបន់ព្រំដែនតំបន់មុំ ៣ បានធូរស្រាលបន្តិច។

លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបានបញ្ជាក់តាមសារតេឡេក្រាមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា ចំពោះមុខនេះបងប្អូនប្រជាពលរដ្ឋបានចេញចូលតាមច្រកទ្វារអន្តរជាតិដូង មានសភាពធម្មតាវិញហើយ ដោយពេលព្រឹកមានបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ និងជាពលករខ្មែរបានចូលវាយប័ណ្ណឆ្លងដែនចូលទៅក្នុងទឹកដីថៃច្រើនជាងចូលមកក្នុងប្រទេសកម្ពុជាយើង ខណ:មានបងប្អូនពលករខ្មែរបានចាកចេញពីប្រទេសថៃ វិលត្រឡប់ទៅកាន់ស្រុកកំណើតមានចំនួនតិចតួច។

ដោយឡែកចំពោះទំនិញ បន្លែផ្លែឈើកសិផលនានាជាទូទៅ គឺអាជីវករខ្មែរនាំយកនូវទំនិញផ្សេងៗពីប្រទេសថៃមានចំនួនច្រើនជាងកសិផលដែលខ្មែរយើងនាំចូលទីផ្សារប្រទេសថៃ។

ចំណែកឯលោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះនៅច្រកទ្វារព្រំដែនទាំង ៥ ក្នុងភូមិសាស្ត្រខេត្ត បានដំណើរការបើកជាធម្មតាចាប់ពីម៉ោង ៩:០០នាទីព្រឹក និងបិទនៅម៉ោង ៤:០០នាទីរសៀល និងពុំមានស្ថានភាពអ្វីគួរអោយកត់សម្គាល់ឡើយ ខុសពីច្រកទ្វារព្រំដែនខាងភាគីថៃ គេបើកនៅវេលាម៉ោង ៨:០០នាទីព្រឹក និងបិទម៉ោង ៤:០០នាទីរសៀលដដែល។

ការកំណត់ដាក់ឲ្យដំណើរការឡើងវិញនេះប្រជាពលរដ្ឋ ពលករខ្មែរបានធ្វើដំណើរចូលក្នុងប្រទេសយើងកាត់តាមច្រកទ្វារព្រំដែនទាំង ៥ ក្នុងភូមិសាស្ត្រខេត្តសរុបចំនួន ៣៣.៩៤៨នាក់ និងធ្វើដំណើរចេញក្រៅប្រទេសមានចំនួន ៥០.០៩០នាក់៕

អត្ថបទ: ដំបងក្រញូង

Share.