ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចកំពុងពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីនាពេលខាងមុខ ខណៈកម្ពុជាក៏កំពុងត្រៀមលក្ខណៈទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមកម្ពុជាផងដែរ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

នៅក្នុងជំនួបនោះ លោក Andrey RUDENKO បានពាំនាំនូវសារផ្លូវការថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងថ្នាក់ដឹកនាំរុស្ស៊ី កំពុងរង់ចាំយ៉ាងយកចិត្តទុកដាក់ចំពោះវត្តមានរបស់សម្ដេចតេជោ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ តំណាងរដ្ឋាភិបាលរុស្ស៊ីរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាព ដែលបានឈានចូលដល់ខួប ៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦ នេះ។ សម្ដេចបានរំលឹកពីប្រវត្តិនៃការរឹតចំណងទាក់ទងតាំងពីសម័យសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់ជានាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលតែងតែជួយជ្រោមជ្រែងកម្ពុជា ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។
បន្ថែមពីលើនេះ សម្ដេចតេជោ ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកអនុរដ្ឋមន្ត្រីរុស្ស៊ី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជា «ចំណុចស្នូល» ដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

