សិល្បៈជាតិ៖ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ ២០២៥ នេះ បានក្លាយជាព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយមានសារៈសំខាន់ និងមានអត្ថន័យបង្ហាញពីការខិតខំរួមគ្នា ដើម្បីលើកស្ទួយគុណតម្លៃនៃសិល្បៈចាប៉ីដងវែង និងបញ្ជ្រាបការយល់ដឹង បណ្តុះមនសិការស្រឡាញ់ និងបំផុសការចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ។

យ៉ាងណាមិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានសិល្បៈទស្សនីយភាព ក៏បានរៀបចំកម្មវិធីបើកមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ដើម្បីប្រកាសបើកមហោស្រព ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ឡើងថា ការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសនេះ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ និងបំផុសការចូលរួមពីសាធារណជន ពិសេសយុវជនដែលជាអ្នកបន្តវេន ជាទំពាំងស្នងឫស្សី ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីគុណតម្លៃនៃសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតកវប្បធម៌ដ៏ចំណាស់មួយរបស់ជាតិ និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ម៉្យាងទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់សិល្បករ សិល្បការិនី និងយុវជន បានរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ពីគា្នទៅវិញទៅមក ដោយប្រមែប្រមូលពូនផ្ដុំនូវអ្នកដែលមានទេពកោសល្យក្នុងផ្នែកសិល្បៈចាប៉ីដងវែង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនគុណភាពស្នាដៃ ប្រកបដោយគំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមជាតិយើង។ ចាប៉ីដងវែង ជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយ ដែលបានជ្រាបចូលយ៉ាងជ្រៅនៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿ របស់ប្រជាជនខ្មែរ។ ចាស់ៗតែងនិយាយថា ចាប៉ីដែលមានសូរសៀងពីរ គឺមានស្នូកធ្វើពីដើមរាំង ដងពីដើមក្រសាំង សន្ទះពីដើមខ្ទម្ព គីង្គក់ពីដើមធ្នង់ ខ្ទង់ពីឆ្អឹង។ ប៉ុន្តែសព្វថ្ងៃសង្កេតឃើញថា ចាប៉ី ដងវែងច្រើនមានស្នូកធ្វើពីឈើខ្លឹមខ្នុរ ឬឈើបេង ហើយសន្ទះស្នូកខាងមុខធ្វើពីឈើស្រាល ដូចជា ស្រល់ ឬរលួស ចំណែកដងច្រើនធ្វើពីឈើខ្លឹមផ្សេងៗ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈរូបនេះបានបន្តទៀតថា ចាប៉ីទទួលបានការពេញនិយមពីមហាជនទូទៅ ដ្បិតសំឡេងចាប៉ីក៏ពីរោះ ហើយអ្នកច្រៀងចាប៉ីមិនត្រឹមតែមានសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងប៉ិនប្រសប់ខាងប្រើវោហា និងចេះកំប្លុកកំប្លែងទៀតផង។ ទំនុក ឬប្រធានបទសម្រាប់ចម្រៀងចាប៉ី មានគ្រប់បែបយ៉ាង រាប់តាំងពីការអប់រំ បញ្ហាសង្គម រឿងព្រេង រឿងនិទាន និងជាតកជាដើម។ ម្លោះហើយ អ្នកច្រៀងចាប៉ីជាអ្នកដែលយល់ដឹងច្រើនពីអក្សរសាស្ត្រ កំណាព្យ ពូកែចាប់ចុងជួន ចេះកំប្លុកកំប្លែង និងមានបញ្ញាឈ្លាសវៃ បត់បែនតាមបរិយាកាសនៃពិធី ឬព្រឹត្តិការណ៍នីមួយៗ។

េហាប់ ទូច បានបញ្ជាក់ថា កម្ពុជា ជាទឹកដីសម្បូទៅរដោយសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាបានបន្សល់ទុកមកជាច្រើនជំនាន់អស់រាប់ពាន់ឆ្នាំមកហើយ។ កេរមរតកទាំងនេះ ជាដួងព្រលឹង និងជាអត្ត សញ្ញាណជាតិដ៏រឹងមាំ មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីរន្ទឺសុសសាយនៅលើពិភពលោក ស័ក្តិសមជា «ព្រះរាជាណាចក្រនៃវប្បធម៌»។ ទន្ទឹមនេះ តាមរយៈការយកចិត្ត ទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាល សម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា កាន់តែលេចធ្លោឡើងនៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការរូបនេះបានបញ្ជាក់បន្ថែមថា កិច្ចការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ និងអត្តសញ្ញាណជាតិ ត្រូវបានចាត់ទុកជាផ្នែកអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្ររនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដេីម្បីជំរុញការផ្ទេរចំណេះជំនាញប្រពៃណីដល់យុវជនដែលជាអ្នកបន្តវេន ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីធានានូវការអភិរក្សមរតកដូនតាឱ្យបានគង់វង្ស និងបង្កើតឱកាសការងារសម្រាប់យុវជនផងដែរ។

ដោយឡែកក្នុងព្រឹត្តិការណ៍វប្បធម៌នេះ ក៏មានវត្តមានឯកឧត្តមលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន និងមន្ទីរវប្បធម៌ ២៥រាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នគ្រូ សិល្បករ សិល្បការិនី ក្រុមហ៊ុនដៃគូសហការ ឧបត្ថម្ភ និងសិស្សានុសិស្សមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាច្រើនរូបទៀត។ សូមជម្រាបថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៕

