សិល្បៈជាតិ៖ តារាសម្ដែងយុវវ័យជំនាន់ថ្មីគឺកញ្ញា មាលា បានចូលរួមបើកមុខជាផ្លូវការឱ្យខ្សែភាពយន្ត «កំហឹងធ្មប់» ដែលផលិតដោយក្រុមហ៊ុនផលិតភាពយន្ត Medialoads ក្នុងការបង្ហាញពីបរិបទថ្មីសន្លាងនៃការការវិឌ្ឍន៍ភាពយន្តខ្មែរបែបភ័យរន្ធត់ ទាំងបច្ចេកទេស និងគុណភាពភាពយន្តខ្មែរ។ ពិធីសម្ពោធ និងចាក់បញ្ចាំងជាផ្លូវការនេះ មានការចូលរួមពីសំណាក់ផលិតករ តារាសម្ដែងល្បីៗ មហាជនអ្នកគាំទ្រ និងបណ្ដាអ្នកសារព័ត៌មាននៅថ្ងៃទី ១១ មិថុនា ២០២៥ ។



ជាមួយគ្នានេះ តួឯកស្រីនាំមុខភាពយន្តនេះ កញ្ញា មាលា ដែលជាស្រីស្អាតកូនកាត់ខ្មែរ-បារាំង បានបង្ហាញភាពរំភើបយ៉ាងជ្រាលជ្រៅដោយកាន់ដៃអ្នកម្តាយជាទីស្រឡាញ់មកទស្សនាភាពយន្តខ្លួនសម្ដែង ដែលភាពយន្តថ្មីរបស់ខ្លួនមួយនេះត្រូវបានសម្រិតសម្រាំងនិងរួមបញ្ចូលនូវគំនិតច្នៃប្រឌិត ការសម្ដែងល្អឥតខ្ចោះ និងខ្លឹមសារអប់រំផងដែរ។
ដោយឡែកក្នុងនាមជាអគ្គនាយកក្រុមហ៊ុន Medialoads លោក អ៊ិន វិចិត្រ បានឱ្យដឹងថា ការផលិតភាពយន្តនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់បំផុតក្នុងការបន្តលើកកម្ពស់ឧស្សាហកម្មសិល្បៈភាពយន្តខ្មែរ ដើម្បីឱ្យភាពយន្តដែលមានគុណភាពរបស់ខ្មែរក្លាយជាទីចាប់អារម្មណ៍ និងការទទួលស្គាល់ពីសាធារណជនជាសកល។

យ៉ាងណាមិញ នៅថ្ងៃចាក់បញ្ចាំងនិងសម្ពោធជាផ្លូវការនូវខ្សែភាពយន្ត «កំហឹងធ្មប់» ក៏មានការផ្តល់រង្វាន់ខ្សែកពេជ្រ ជាកាដូសម្រាប់សំណាងពិសេស និងមានកម្មវិធីធានាសងប្រាក់វិញបើទស្សនាហើយមិនពេញចិត្ត។ ការដែលមហាជនបានចូលរួមយ៉ាងច្រើនរយនាក់បានសបញ្ជាក់ពីភាពទាក់ទាញនៃស្នាដៃកូនខ្មែរមួយនេះផងដែរ។















សូមជម្រាបថា ភាពយន្ត «កំហឹងធ្មប់» ជារឿងនិទានសងសឹកដ៏ធ្លាប់មានតែក្នុងរឿងព្រេងព្រាង ប្រាប់អំពីជីវិតនារីម្នាក់ឈ្មោះ មាលា ដែលជាក្មេងស្រីស្លូតបូត ប៉ុន្តែបែរជាក្លាយទៅជាធ្មប់ដ៏គំហឹងក្រោយបាត់បង់មនុស្សជាទីស្រឡាញ់។ ការតស៊ូរបស់នាងនាំឱ្យកើតមានហេតុការណ៍មិននឹកស្មាននាពេលក្រោយ ដែលនាំឱ្យទស្សនិកជនភ្ញាក់ផ្អើលជារឿយៗ។ ចង់ដឹងថា សាច់រឿងបន្តនឹងមានរឿងអ្វីកើតឡើងទៀតនោះ កុំភ្លេចចូលរួមទស្សនាភាពយន្ត «កំហឹងធ្មប់» តាមរោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ មិថុនា ឆ្នាំ២០២៥ តទៅ។ គាំទ្រភាពយន្តខ្មែរ ជាការផ្ដល់កម្លាំងចិត្តដល់ផលិតករ និងតារាសម្ដែងខ្មែរគ្រប់រូប៕

