ថ្ងៃនេះ​កាល​ពី​៦៣​ឆ្នាំមុន តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​សាលក្រម​សម្រេច​ក្ដី​ឲ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ​។ ថ្ងៃ​នេះ (​១៥ មិថុនា ២០២៥​) កម្ពុជា​ដាក់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​ម្ដង​ទៀត លើ​ករណី​តំបន់​មុំ​បី ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី​។

យោង​តាម សេចក្ដី​សង្ខេប​ករណី​ប្រាសាទ​ព្រះវិហារ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (​ICJ​) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កាល​នោះ​កម្ពុជា​លើក​ឡើង​ពីករណីកងទ័ពថៃ​បាន​កាន់កាប់​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួននៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ជា​ទីសក្ការ​គោរពបូជា​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប្រកាស​បញ្ជាក់​ពី​អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទ​នេះ​ជា​របស់​កម្ពុជា ហើយ​ប្រទេស​ថៃ​មាន​កាតព្វកិច្ច​ត្រូវ​ដក​កងទ័ព ​ដែល​ឈរជើង​នៅ​ទីនោះ​តាំងពី​ឆ្នាំ ១៩៥៤ ចេញ​។ ប្រទេស​ថៃ​បាន​ដាក់​ការ​ជំទាស់​បឋម​ចំពោះ​យុត្តាធិការ​របស់​តុលាការ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ ដោយ​សាលក្រម​ដែល​បាន​ប្រកាស​នៅ​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ ១៩៦១។

សន្ធិសញ្ញា បារាំង​-​សៀម ឆ្នាំ ១៩០៤ គឺ​ជា​ឯកសារ​គ្រឹះ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​យក​មក​ពិចារណា។ សន្ធិសញ្ញា​នេះ​បាន​ចែង​ថា នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​ដាច់​ស្រេច និង​កំពុង​ពិចារណា ព្រំដែន​ត្រូវ​អនុវត្ត​តាម​ខ្សែ​បន្ទាត់​ទឹកហូរ ហើយ​​ផែនទី​របរបស់ក្រុមការងារ​គណៈកម្មការ​កំណត់​ព្រំដែន​ចម្រុះ បាន​បង្ហាញ​ប្រាសាទ​នៅ​ខាង​ទឹកដី​កម្ពុជា​នៃ​ព្រំដែន​។ កាល​នោះ​ភាគី​ថៃ​បាន​លើកឡើង​នូវ​ទឡ្ហីករណ៍​ជាច្រើន ​ដែល​មាន​គោលបំណង​បង្ហាញ​ថា ផែនទី​នេះ​មិនមាន​លក្ខណៈ​ចង​កាតព្វកិច្ច​ទេ​។ មួយ​ក្នុង​ចំណោម​អំណះអំណាង​ជា​ច្រើន​ដែល​ភាគី​ថៃ​បាន​លើក​ឡើង​គឺ​ថា ផែនទី​នេះ​មិន​ដែល​ត្រូវ​បាន​ថៃ​ទទួលស្គាល់​ទេ ឬ​ម្យ៉ាង​វិញ​ទៀត បើ​ទោះបី​ជា​ថៃ​បាន​ទទួលស្គាល់​ក៏ដោយ ​ក៏​ដោយសារតែ​ការ​ជឿ​ខុស​ថា​ព្រំដែន​ដែល​បាន​ចង្អុលបង្ហាញ​ត្រូវ​គ្នា​នឹង​ខ្សែ​បន្ទាត់ទឹកហូរ​។

ទោះ​ជា​ថៃ​ខំ​លើក​ឡើង​យ៉ាង​ណា​ក៏ដោយ តុលាការ​បាន​រក​ឃើញ​ថា ភាគី​ថៃ​ពិតជា​បាន​ទទួល​យក​ផែនទី​នេះ ហើយ​បាន​សន្និដ្ឋាន​ថា ប្រាសាទ​នេះ​ស្ថិតនៅ​លើ​ទឹកដី​កម្ពុជា​។ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការ​​បាន​ចេញសាលក្រមសម្រេច ឲ្យប្រទេស​ថៃ​មាន​កាតព្វកិច្ច​ត្រូវ​ដក​កម្លាំង​យោធា​ និងនគរបាល ​ដែល​ឈរជើង​នៅ​ទីនោះ​ចេញ និង​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​នានា​ដែល​បាន​យក​ចេញពី​ប្រាសាទ​តាំងពី​ឆ្នាំ ១៩៥៤។

បើ​ទោះបីជា​តុលាការ​យុត្តិធម៌​អន្តរជាតិ (​ICJ​) បាន​សម្រេច​ក្ដី​នៅ​ឆ្នាំ​១៩៦២ ថា​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ក៏​ដោយ ក៏​នៅ​មាន​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​ប្រាសាទ ជា​ពិសេស​តំបន់​ទំហំ ៤​.​៦ គីឡូម៉ែត្រការ៉េ នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់ និង​មិន​ទាន់​បាន​កំណត់​ព្រំដែន​នៅ​ឡើយ​។

នៅ​ឆ្នាំ ២០០៨ អង្គការ​យូណេស្កូ (UNESCO) បាន​សម្រេច​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការ​សម្រេច​នេះ ត្រូវ​បាន​ភាគី​ថៃ​ប្រឆាំង ដោយ​ចាត់​ទុក​ថា​ការ​ដាក់​បញ្ចូល​នេះ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​លើ​តំបន់​ជុំវិញ​ប្រាសាទ និង​បាន​បញ្ជូន​កង​កម្លាំង​ឲ្យ​មក​ឈរជើង​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ទៀត​ផង​។ ចំណែក​ឯ​ភាគី​កម្ពុជា ក៏​មាន​ការ​ព្រួយ​បារម្ភ និង​បាន​បញ្ជូន​កងទ័ព​ទៅ​ឈរជើង​នៅ​ទី​នោះ​ដែរ​។ ចំនួន​កង​ទ័ព​កាន់​តែ​កើន​ឡើង​នាំ​ឲ្យ​ហានិភ័យ​នៃ​ការ​ផ្ទុះ​អាវុធ​កាន់​តែ​ខ្ពស់​។

ជា​មួយ​គ្នា​នេះ​ការ​បកស្រាយ​ក្នុង​ន័យ​ខុស​គ្នា​លើ​សាល​ក្រម​តុលាការ ICJ ពី​សំណាក់​ភាគី​ទាំង​ពី ក៏​កាន់​តែ​តឹង​សរសៃ​ក​ឡើង​រហូត​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ច្រើន​ដង​ច្រើន​សា​នៅ​ចន្លោះ​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១​។

ដើម្បី​បញ្ចប់​ភាព​មិន​ច្បាស់លាស់ កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (​ICJ​) បកស្រាយ​បន្ថែម​លើ​សាលក្រម​ឆ្នាំ​១៩៦២ នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ២០១១។ នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ទឹក​ដី​ទាំង​មូល​នៃ​ភ្នំ​ព្រះវិហារ ដែល​ប្រាសាទ​ស្ថិត​នៅ ក្នុង​នោះ​ក៏​មាន​ទាំង​តំបន់ ៤​.​៦ គីឡូ​ម៉ែត្រការ៉េ​ដែល​ជា​ចំណុច​ជម្លោះ​ផង​ដែរ គឺ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​។ ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន​ក៏​ហាក់​ស្ងប់ស្ងាត់​ទៅ​វិញ​។ ច្រក​ទ្វារ​ព្រំដែន​ដែល​ធ្លាប់​តែ​បិទ​-បើក​មិន​ទៀងទាត់ ក៏​ត្រលប់​ទៅ​ជា​បើក​ដំណើរការ​ប្រក្រតី ទំនាក់ទំនង​ការ​ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​មាន​ភាព​ល្អ​ប្រសើរ​។

១២​ឆ្នាំ​ក្រោយ ផ្ដើម​ចេញ​ពី​ការ​លប​ចូល​បាញ់​របស់​កង​ទ័ព​ថៃ មក​លើ​លេណដ្ឋាន​កងទ័ព​កម្ពុជា​ដែល​ឈរ​ជើង​យូរ​មក​ហើយ​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ជម្លោះ​ព្រំ​ដែន​ក៏​ចាប់​ផ្ដើម​លាប់​ឡើង​វិញ និង​កម្រើក​ដល់​តំបន់​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តា​ក្របី​។ ភាគី​កម្ពុជា​តែង​បង្ហាញ​ឆន្ទៈ​ខ្លួន​ចង់​បាន​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ព្រមទាំង​ទំនាក់ទំនង​ល្អ​ជា​មួយ​ប្រទេស​ជិតខាង ដូច្នេះ​កម្ពុជា​បាន​សម្រេច​បញ្ជូន​ករណី​តំបន់​ទាំង​៤​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែម្ដង​។ សំណុំរឿង​ករណី​ទាំង​៤​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ICJ នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ខួប ៦៣​ឆ្នាំ នៃ​សាលក្រម ICJ សម្រេច​ឲ្យ​កម្ពុជា​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ​។ ការ​បញ្ជូន​សំណុំរឿង​នេះ​ក៏​ធ្វើ​ឡើង​អំឡុង​ពេល​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ​នៅ​រាជធានី​ភ្នំពេញ ដោយ​ករណី​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​អន្តរជាតិ​ខាង​លើ​ពុំ​បញ្ចូល​ក្នុង​របៀបវារៈ​ប្រជុំ​នោះ​ទេ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.