ត្បូងឃ្មុំ៖ កសិករចំនួន៣ភូមិ ក្នុងឃុំជីរោទ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ ចុះប្រមូលផលពោតចំណីសត្វ ខណ:ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងធ្វើឲ្យកសិករមានការព្រួយបារម្ភអំពីផលដំណាំរបស់គាត់ ដោយពោតមិនទាន់ទុំល្អ នៅពាក់កណ្ដាល ខែមិថុនា ឆ្នាំ ២០២៥នេះ។

បងប្រុស ពៅ ជាកសិករនៅក្នុងភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ ស្រុក/ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទឹកទន្លេបានឡើងមកដល់ចុងចំការពោតរបស់គាត់ហើយ ដូច្នេះទាំងគាត់ ក៏ដូចជាបងប្អូនកសិករយើងទាំងអស់គ្នាត្រូវតែស្រូតប្រមូលផលឲ្យហើយ ទើបបានផលខ្លះ កុំឲ្យទឹកលិចបណ្តាលឲ្យខូចខាតទាំងស្រុងនោះ ព្រោះដំណាំកសិកម្មមួយចំនួនកំពុងឲ្យផល រួមមាន.ពោតស ពោតក្រហម ត្រសក់ ល្ង ។ល។

លោក ទួន ឆៃលីម មេឃុំជីរោទ៍ទី១ បានឲ្យដឹងថា ឃុំមានផ្ទៃដីដាំពោតក្រហមទំហំ ៥០០ហិចតា ដោយប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានឡើងជាបន្តបន្ទាប់ធ្វើឲ្យលិចផ្ទៃដីដាំពោតចំនួន៤០ហិកតា ក្នុងភូមិចំនួន៣ក្នុងឃុំ ក្នុងនោះមាន ភូមិជីរោទិ៍ក្រោម ភូមិជីរោទ៍ទី១ និងភូមិជីរោទ៍ទី២ ។ ដោយសារស្ថានភាពទឹកទន្លេបានបន្តហត់ឡើងជាគំហុកទើប បងប្អូនកសិករយើងក៏បានខិតខំប្រមូលផលទាំងបង្ខំ ខណៈពោតមិនទុំល្អនោះ ។ ការងារនេះ អាជ្ញាធរក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងឃុំ ឲ្យមានការប្រុងប្រយ័ត្ន នឹងប្រមូលផលដំណាំកសិកម្មឲ្យទាន់ពេលវេលាផងដែរ។





បើយោងតាមរបាយការណ៍កម្ពស់ទឹក ពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះ ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់៨,៨០ម៉ែត្រ បើធៀបនឹងថ្ងៃម្សឹលមិញ ទឹកឡើង ០,៥០ ម៉ែត្រ៕
អត្ថបទ៖អាចារ្យលាក់

