សិល្បៈជាតិ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ការសាងសង់ប្រាសាទ សីហនគរ នៅក្នុងវត្តភូម៉ាហ្វា ដែលមានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ គឺជាការបំពាន។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហោះនៅលើបណ្ដាញសង្គមនាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់ថា ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ។

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ ស្ថាបត្យកម្មប្រាសាទ សីហនគរ អាចចាត់ទុកបានថា ស្ថាបត្យករថៃលួចចម្លងស្នាដៃមរតកដូនតាខ្មែរជាពិសេសចម្លងប្លង់ប្រាសាទអង្គរវត្ត ប៉ុន្តែព្រះសង្ឃថៃដែលសង់ប្រាសាទនេះឡើងបញ្ជាក់ថា បានយកគំរូប្លង់តាមសុបិននិមិត្តដែលធ្វើមហាជនមិនពេញចិត្តជាខ្លាំងចំពោះករណីនេះ។

គួររំលឹកថា នៅអំឡុង​ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានផ្ញើលិខិតកំណត់ទូត និងចុះទៅពិនិត្យ ដោយមានការបំភ្លឺថា គម្រោងសាងសង់ប្រាសាទ «សីហនគរ» នោះ មិនមែនជាការសាងសង់អង្គរវត្តទី២ក្នុងប្រទេសថៃនោះឡើយ។ ភាគីថៃនៅតែបដិសេធចំពោះការសាងសង់ប្រាសាទថ្មនេះថាមិនបានលួចចម្លងស្នាដៃរបស់កម្ពុជានោះទេ ៕

Share.