ថៃ (ស្រះកែវ) – អាជីវករ​ជនជាតិថៃ ដែលជាអ្នកលក់ដូរទំនិញ​នៅ​ផ្សារ​រោង​ក្លឿ ខេត្ត​ស្រះកែវ បាន​នាំគ្នា​ ប្រមូលផ្ដុំ​គ្នា អំពាវនាវ​ដល់​លោក​ស្រី​​នាយករដ្ឋមន្ត្រី ផែថងថាន ​ឱ្យ​ពិចារណា​បើក​ច្រកព្រំដែន​កម្ពុជា-ថៃ​ ឡើងវិញឱ្យបាន​ឆាប់​បំផុត។

ក្រុម​អាជីវករបាន​ប្រាប់​ទៅ​កាន់អ្នក​សារព័ត៌មានថៃថា ពួក​គេ​កំពុង​ជួបការលំបាក​ ដោយសារ​តែ​ស្ថានភាព​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ការបិទ​ច្រកព្រំដែន ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ​ដល់​ជីវភាព​រស់នៅប្រចាំ​ថ្ងៃ​ ​របស់​ពួកគេ។

អ្នកលក់​ជាច្រើន​បាន​និយាយ​ស្របគ្នា​ថា ការបិទ​ច្រកព្រំដែន​បាន​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាប់គាំង ហាង​នានា​ត្រូវ​បិទទ្វារ ហើយ​មនុស្ស​ជាច្រើន ​ត្រូវ​ទទួល​រ៉ាប់រ៉ង​បំណុល។ ​តំណាង​អាជីវករ​បាន​ឆ្លុះបញ្ចាំង​ពី​ការលំបាក​ខ្លួន​ប្រាប់ទៅកាន់អ្នកសារព័ត៌មាន​ថៃថា “ពួកខ្ញុំ​លំបាក​ណាស់​ បច្ចុប្បន្ន​ គ្មាន​ចំណូល​ទាល់តែសោះ ចង់ឱ្យ​នាយករដ្ឋមន្ត្រី​អាណិត​ពួកខ្ញុំ​​ផង”។

គួរដឹងថា ផ្សារ​រោង​ក្លឿ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ព្រំដែន​ដ៏​សំខាន់​រវាង​កម្ពុជា និងថៃ ធ្លាប់​មាន​ភាព​អ៊ូអរ​ដោយសារ​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ នាំគ្នា​មក​ជាវទំនិញ​ ពី​អាជីវករ​​ប្រទេស​ទាំងពីរ (កម្ពុជា-ថៃ) ប៉ុន្តែ​បច្ចុប្បន្ន​ ផ្សារ គឺ​ស្ងាត់ជ្រងំ។

អ្នកលក់​ជាច្រើន​មិនអាច​ទ្រាំទ្រ​នឹង​បន្ទុក​ចំណាយ និង​បំណុល​បាន​បន្ត​ទៀត​នោះ​ឡើយ ដូច្នេះ​ពួកគេ​ត្រូវ​បិទ​អាជីវកម្ម និង​បណ្តេញ​បុគ្គលិក​ចេញ ដែល​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្រះកែវទាំងមូល។

ក្រុម​អាជីវករដែល​រងផលប៉ះពាល​ដោយ​ផ្ទាល់​បាន​ទទូចដល់​រដ្ឋាភិបាលថៃ ហើយ​​សង្ឃឹមថា រដ្ឋាភិបាល​ នឹង​ពិចារណា​រកវិធី​បើក​ច្រកព្រំដែន​ប្រកបដោយ​សុវត្ថិភាពឡើងវិញ ដើម្បីឱ្យ​ពួកគេ​អាច​ត្រឡប់​មក​រកស៊ី និង​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់ឱ្យ​បាន​ឆាប់​រហ័ស៕​

Share.