ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងសង្កាត់សួង និងសង្កាត់វិហារលួង នៃក្រុងសួង ខេត្តត្បូងឃ្មុំ កំពុងសម្ដែងនូវក្ដីរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវបេតុងថ្មី ដែលជាគម្រោងអភិវឌ្ឍន៍មូលដ្ឋាន នៃកិច្ចលទ្ធកម្ម គម្រោងមូលនិធិឃុំ-សង្កាត់។

ផ្លូវបេតុងទាំងនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។  ជាក់ស្តែង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង ចៅសង្កាត់ទាំងពីរ (សង្កាត់សួង និងសង្កាត់វិហារលួង) រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព និងគុណភាព នៃផ្លូវបេតុងទាំងនេះ។

ផ្លូវបេតុង ដែលត្រូវបានស្ថាបនាឡើងនេះ មានប្រវែងជាង ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ១.៥០សង់ទីម៉ែត្រ ដែលការចុះពិនិត្យនេះ គឺដើម្បីធានាថា គម្រោងត្រូវបានអនុវត្តត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។  លោកអភិបាលក្រុង ក៏បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺជាសមិទ្ធផលរួមដែលកើតចេញពីកិច្ចសហការល្អ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងសកម្ម ក្នុងដំណើរការអនុវត្តគម្រោងនេះ។ លោកអភិបាលក្រុង បានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការចូលរួមថែរក្សាផ្លូវទាំងនេះឱ្យបានគង់វង្ស ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកប្រើប្រាស់បានយូរអង្វែង ។ 

លោក ងួន ប៊ុណ្ណាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយ ជាយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ២- ការលើកកម្ពស់ ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣-ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤-ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង៥-ការគ្រប់គ្រងស្ថាប័នអភិបាលកិច្ច និងសេវាគាំទ្រទូទៅ ។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់វិហារលួង និងសង្កាត់សួង ក៏បានសម្តែងអារម្មណ៍រំភើបថា “កាលពីមុន ផ្លូវមានសភាពពិបាកធ្វើដំណើរណាស់ ជាពិសេសពេលមានភ្លៀងធ្លាក់ម្តងៗ ឥឡូវមានទទួលបានផ្លូវបេតុងថ្មីបែបនេះ ធ្វើឱ្យពួកយើង ងាយស្រួលធ្វើដំណើរ ហើយកូនៗបានទៅសាលារៀន ក៏មានសុវត្ថិភាពជាងមុនដែរ ។ 

គួរបញ្ជាក់ដែរ គម្រោងផ្លូវបេតុងថ្មីនេះ គឺជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តរបស់រដ្ឋបាលក្រុងសួង ក្នុងការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង ជាការឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕

អត្ថបទ៖ អាចារ្យលាក់

Share.