អន្តរជាតិ៖ តាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយនាពេលថ្មីៗនេះថា បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤ជួរមុខ បានគូសបញ្ជាក់ពីវឌ្ឍនភាពស្ថានភាពបំផ្ទុះគ្រាប់បែកក្នុងខេត្តទេសចរណ៍ចំនួន ៣ ដូចជា Krabi (ក្រាប៊ី ), Phang Nga (ផាំងង៉ា) និង Phuket (ភូកេត) ដោយបានរកឃើញគ្រាប់បែក ៥ គ្រាប់ជាប្រភេទគ្រាប់បែកតូចៗបង្កឡើងដោយក្រុម BRN និងចាប់បានជនបង្ក ២ នាក់ដែលធ្វើឱ្យតំបន់ទេសចរណ៍ក្នុងប្រទេសថៃកាន់តែមានសភាពភាពវឹកវរគ្រប់ទិសទី។

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤ជួរមុខថ្លែងថា ក្នុងករណីថ្មីខាងលើនេះជនបង្ករហេតុ ២ រូបត្រូវបានចាប់ខ្លួនក្នុងនោះរួមមាន លោក ម៊ូហាមៈ វ៉ាដេង ភេទប្រុស និងលោក ស៊ុលៃម៉ាន កាឆា ភេទប្រុស ទាំង ២នាក់រស់នៅខេត្ត ប៉ាត់តានី។ វត្ថុតាងដែលប្រមូលបានរួមមាន អាវុធ និងគ្រាប់បែកផ្ទុះមួយចំនួនដែលបម្រុងដាក់បង្កប់នៅមុខសាលារៀនក្នុងខេត្ត ផាំងង៉ា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង៣ និង ៣០ នាទីទៀបភ្លឺ។ ជនបង្កហេតុទាំង ២ នាក់ត្រូវបានបញ្ជូនទៅប៉ុស្ដិ៍នគរបាលភូមិភាគ ៨ ដើម្បីសាកសួរ និងស្រាវជ្រាវបន្ថែម ព្រោះករណីរបស់ជនដៃដល់ទាំង២នាក់នេះ គឺមានសភាពស្រដៀងទៅនឹងឧបទ្ទវហេតុនៅខេត្តភាគខាងត្បូងកន្លងមក។

យ៉ាងណាមិញ តាមការស្រាវជ្រាវស៊ើបអង្កេតកន្លងមកបានឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ចំនួន ១១ ទីតាំងក្នុងខេត្តទាំង ៣ ត្រូវបានបំផ្ទុះ និងបង្កប់គ្រាប់ចំនួន ១៥ គ្រាប់ ក្នុងនោះមានដូចជា ខេត្ត ក្រាប៊ី ចំនួន ៤ កន្លែងមានគ្រាប់បែកទាំងអស់ ៥ គ្រាប់ ខេត្ត ផាំងង៉ា ចំនួន ១ កន្លែងមានគ្រាប់បែកចំនួន ១ គ្រាប់ និងខេត្ត ភូកេត ចំនួន ៦ កន្លែងមានគ្រាប់បែកទាំងអស់ចំនួន ៦ គ្រាប់៕

Share.