ភ្នំពេញ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះថា កម្ពុជាបានទទួលអនុញ្ញាតជាផ្លូវការច្បាស់លាស់ពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅទីផ្សារចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ២០២៥។

ការអនុញ្ញាតនេះ គឺផ្អែកលើលទ្ធផលវាយតម្លៃ និងអនុម័តពី GACC បានយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់ ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ។ ក្រៅពីនេះ ក្រសួងកសិកម្មក៏ជំរុញឲ្យសហគ្រាសផ្សេងទៀតដែលចង់នាំចេញផ្លែទុរេន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអាជ្ញាធរកសិកម្ម សម្រាប់ការវាយតម្លៃ និងអនុម័តបន្ថែម៕

Share.