តាមរយៈកិច្ចសម្ភាសន៍ក្នុងស្ថានីយទូរទស្សន៍ PPTV នាពេលថ្មីៗនេះឱ្យដឹងថា អ្នកកាសែតគ្មានក្រមសីលធម៌វិជ្ជាជីវៈ និងជាអ្នកសារព័ត៌មានផ្នែកយោធាដ៏ល្បីរបស់ថៃនោះ គឺនាង វាសានា ណាណួម បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ផែថងថាន ធ្វើលិខិតប្រឆាំងផ្លូវការដាក់ស្នើតាមក្រសួងការបរទេសថៃ ដើម្បីតវ៉ាប្រឆាំងកម្ពុជាដែល​យក​ឈុតថៃ ឬឈុតស្បៃ ប្រើប្រាស់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ទៅចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ​យូណេស្កូ​។

យ៉ាងណាមិញនៅក្នុងកិច្ចសម្ភាសន៍ក្នុងស្ថានីយទូរទស្សន៍មួយនេះ នាង វាសានា ណាណួម អះអាងជារួមថា ដាច់​ខាត​ត្រូវតែប្រឆាំងចំពោះការនាំយកឈុតថៃ (ឈុតស្បៃ) ទៅចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូដោយតាមរយៈការប្រើប្រាស់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ព្រោះថៃអាចនឹងបាត់បង់ឈុតរបស់ខ្លួន ហើយខ្មែរនឹងក្លាយជាម្ចាស់ឈុតរបស់ថៃជាឈុតស្លៀកពាក់របស់ថៃជាយូរយារណាស់មកហើយ។ នាងបន្តថា នៅឆ្នាំ ២០១៧ កម្ពុជាចង់បញ្ចូលតំបន់ប្រាសាទព្រះវិហារទាំងអស់ក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូក្រោមអធិបតេយ្យភាពរបស់ខ្មែរ ប៉ុន្តែថៃមានភ័ស្តុតាងប្រឆាំងយ៉ាងច្បាស់ការ ទើបខ្មែរអាចបញ្ចូលបានតែតួប្រាសាទតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកកាសែតថង្វេងទិសគ្មានក្រមសីលធម៌វិជ្ជាជីវៈមួយរូបនេះបានអះអាងទៀតថា ស្របពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ជាស្ត្រីដែលជាអ្នកប្រើប្រាស់ឈុតរបស់ថៃទៀតនោះ គួរគប្បីតែធ្វើការប្រឆាំងយ៉ាងដាច់​អហង្ការ​ចំពោះនាំយកឈុតសម្លៀកបំពាក់ថៃដែលមានសារៈសំខាន់ក្នុងវប្បធម៌ថៃ ព្រោះទៅប្រើប្រាស់ជានិមិត្តរូបរបស់ជនជាតិខ្មែរ ជាពិសេសក្នុងពិធីសំខាន់ៗដូចជាពិធីមង្គលការ បើខ្មែរធ្វើបានសម្រេចដោយគ្មានការប្រឆាំងនោះ បន្តិចទៀតជនជាតិថៃរៀបអាពាហ៍ពិពាហ៍ហើយប្រើប្រាស់ឈុតថៃនោះ ខ្មែរនឹងចោទវិញថា ថៃរៀបមង្គលការស្លៀតឈុតខ្មែរជាក់ជាមិនខាន។

ភ្ជាប់ជាមួយករណីនេះ កន្លងមកកាសែតថៃ The Nation បានញុះញង់ចោទមកកាន់កម្ពុជាថា ជាប្រទសដែល Claim ឈុតរបស់ថៃយកដាក់ពិធីមង្គលការ ដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌក្នុងអង្គការយូណេស្កូ ហើយលួចបន្លំដាក់ឈុតស្បៃរបស់ថៃចូលថែមទៀតជាដើម។ លើសពីនេះ ភាគច្រើនសារព័ត៌មានថៃនិងមហាជនថៃបានដាក់ជាចំណោទ ដល់រដ្ឋាភិបាលថៃជាពិសេសក្រសួងវប្បធម៌ថៃ ឱ្យរួសរាន់ធ្វើការប្រឆាំងតវ៉ា ព្រោះខ្លាចវប្បធម៌ថៃត្រូវបានខ្មែរលួចបន្លំភ្នែកពិភពលោក។

យ៉ាងណាមិញ បុរាណាចារ្យក៏លើកឡើកដែរថា បើសម្គាល់មើលនៅសម័យជាង៥០ ទៅ៦០ឆ្នាំមុន ប្រជាជនថៃ រួមទាំងព្រះមហាក្សត្រផងនោះ និយាយទៅប្រើប្រាស់អាវប៉ាក់ អាវបារាំងក្នុងពិធីផ្ទឹមច្រូតទឹកមង្គលការរបស់ខ្លួន ខ្លះនិយមអាវប៉ាក់ដៃខ្លៃ ខ្លះនិយមអាវព្រែដៃវែង ហើយស្លៀកសំពត់បត់ ឬចងក្បិន រីឯខ្លះទៀតនិយមឈុតថៃរាជានិយម មានរំភាយជំរាកស្បៃទៅក្រោយ ដែលក្សត្រីថៃ ទ្រង់សិរិកិត បង្កើតថ្មីនៅសម័យនោះ។

នៅដើមសតវត្សទី២១ ឈុតព្រះរាជនិយមថៃ បានអភិវឌ្ឍន៍ខ្លួនក្លាយទៅជាទីពេញនិយម ជំនួសឈុតមង្គលការថៃដើម ហើយប្រើប្រាស់បន្តមកដល់សព្វថ្ងៃនេះ។ ដោយឡែកឈុតមង្គលការដែលមានលក្ខណៈជាប្រពៃណី បែបប្រជាជនប្រើប្រាស់ក្នុងជីវភាពទូទៅ ក៏ចាប់ផ្តើមរលុបបាត់ចេញពីសង្គមជាតិថៃ ម្តងបន្តិចៗ រហូតគ្មាន​សេស​សល់​ នៅពេលបច្ចុប្បន្នអ្វីដែលសេសសល់នោះគឺរូបថត អនុស្សាវរីយ៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន បង្ហាញពីជីវភាព វប្បធម៌ពិតប្រាកដនៃប្រជាជនថៃ។

សូមជម្រាបថា នៅឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជា​នឹងស្នើដាក់បញ្ចូល ពិធីមង្គលការប្រពៃណីខ្មែរ​ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ រីឯភាគីប្រទេសថៃកំពុងព្យាយាមស្នើដាក់បញ្ចូលនូវឈុតថៃ៖ ចំណេះដឹង ហត្ថកម្មនិងការប្រើប្រាស់នៃសម្លៀកបំពាក់តំណាងជាតិថៃ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូដូចគ្នាផងដែរ។

Share.