ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលពាក់ព័ន្ធករណីប្រើដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កំពុងរៀបចំបែបបទវិលត្រឡប់ចូលប្រទេសកម្ពុជាវិញហើយ ដើម្បីចូលខ្លួនអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទុករយៈពេល៤៨ម៉ោងឱ្យជនសង្ស័យចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់។




តាមព័ត៌មានដែលទទួលបាន ជនសង្ស័យ ឆេង ភារុណ បានធ្វើដំណើរមកដល់តំបន់ព្រំដែនកម្ពុជា-វៀតណាម នៅវេលាម៉ោងប្រមាណ ១១យប់ ប៉ុន្តែដោយសារយប់ជ្រៅ មិនអាចបំពេញបែបបទឆ្លងដែនចូលកម្ពុជាបានភ្លាមៗ ទើបត្រូវសម្រាកមួយយប់នៅក្បែរតំបន់ព្រំដែន ដើម្បីរង់ចាំពេលព្រឹកបន្តនីតិវិធីឆ្លងដែន។ ខណៈបំពេញបែបបទឆ្លងដែនរួចរាល់ ជនសង្ស័យនឹងត្រូវបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីពាក់ព័ន្ធនឹងករណីដែលបានកើតឡើង។ ការវិលត្រឡប់របស់ជនសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ញើសារជាសាធារណៈ ដោយទុកពេល៤៨ម៉ោង ឱ្យលោក ឆេង ភារុណ មានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវ និងអនុវត្តនីតិវិធីតាមច្បាប់។
តាមសាររបស់ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីហិង្សានេះ លោកបានទាក់ទងដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដើម្បីស្នើសុំកិច្ចសហការពីសមត្ថកិច្ចវៀតណាម ក្នុងការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ជំហរថា ក្នុងនាមក្រសួងមហាផ្ទៃ និងជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាលលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកមិននឹងមិនអនុញ្ញាតឱ្យជនល្មើសរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។
គួររម្លឹកដែរថា ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឈ្មោះឆេង ភារុណ បានយកដបស្រាវាយក្បាលជនរងគ្រោះ រួចបានរត់គេចទៅប្រទេសវៀតណាម៕
