ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ iPhone 17 Pro Max មួយគ្រឿងពីស្ត្រីម្នាក់ ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ២៥៥ ក្រុម១៤ ភូមិ០៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ស៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុនណា កែវកន្និថា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើល និងមានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយបានរត់គេចខ្លួន។ បន្ទាប់ពីជនរងគ្រោះស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធី៕

Share.