បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងមួយកន្លែងដែលសង្ស័យថា ជាកន្លែងប្រមូលផ្តុំរបស់ក្រុមជនសង្ស័យលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យជាង២០នាក់ និងរកឃើញបំណែកម៉ូតូដែលដោះបំបែករួចរាប់សិបគ្រឿង ព្រមទាំងម៉ូតូជិត១០គ្រឿងទៀត ដែលកំពុងត្រូវបានដោះបំបែក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅម្តុំសាលាកូរ៉េ ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយបានចាត់តាំងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាប។

តាមសមត្ថកិច្ច កម្លាំងបានប្រមូលជនអនាថា និងអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ រហូតឈានដល់ការរកឃើញទីតាំងមួយកន្លែងដែលសង្ស័យថា ជាសម្បុកក្រុមលួចយ៉ាងសកម្ម និងជាកន្លែងទទួលទិញសម្ភារៈផ្សេងៗពីក្រុមជនសង្ស័យ ព្រមទាំងមានសកម្មភាពដោះបំបែកម៉ូតូ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យមួយចំនួនបានបន្លំខ្លួនធ្វើជាអ្នកដើររើសអេតចាយនៅពេលយប់ ប៉ុន្តែត្រូវបានសង្ស័យថា បានធ្វើសកម្មភាពលួចម៉ូតូ ម៉ូទ័របូមទឹក និងសម្ភារៈផ្សេងៗរបស់ប្រជាពលរដ្ឋ រួចយកមកលក់នៅទីតាំងខាងលើ។

ក្នុងប្រតិបត្តិការឆែកឆេរ កម្លាំងកងរាជអាវុធហត្ថបានរកឃើញបំណែកម៉ូតូដែលត្រូវបានដោះបំបែករួចប្រមាណរាប់សិបគ្រឿង និងម៉ូតូដែលនៅសល់តួ និងម៉ាស៊ីនជិត១០គ្រឿង ដែលត្រូវបានរកឃើញថាកំពុងស្ថិតក្នុងដំណាក់កាលដោះបំបែក។ ក្រោយបង្ក្រាប កម្លាំងបាននាំខ្លួនក្រុមជនសង្ស័យ ព្រមទាំងវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី។

ប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈប្រជាពលរដ្ឋបានស្នើឱ្យសមត្ថកិច្ចបន្តពង្រឹងការបង្ក្រាប និងទប់ស្កាត់សកម្មភាពលួចប្លន់ និងបទល្មើសផ្សេងៗ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន៕

Share.