កម្លាំងនគរបាលព្រំដែនលេខ ១០៥ នៅតំបន់មុំបី ដែលជាតំបន់​មានភាពស្ថិតនៅ​ចំណុចខ្ពស់​ក្នុងជម្លោះព្រំដែន​រវាង​កម្ពុជា និងថៃ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារថែរក្សាបូរណភាពទឹកដី ដោយបញ្ជាក់ថា នឹង​មិនឲ្យ​បាត់បង់ដីសូម្បីតែ ១មីលីម៉ែត្រឡើយ។

វរៈសេនីយ៍ត្រី សំបូរ មុន្នីសី មេបញ្ជាការវរសេនាតូចគរបាលការពារព្រំដែន​គោក​លេខ១០៥ ប្រចាំ​នៅតំបន់មុំបី​ បាន​លើក​ឡើង​ថា​ ថ្វីបើ​ស្ថានភាព​នៅព្រំដែន​ហាក់ថយកម្ដៅ​ បន្ទាប់​ពីការប៉ះទង្គិចគ្នា​រវាងកងទ័ព​កម្ពុជា​និងថៃ កាលពីថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០២៥មកក្ដី ក៏​នគរបាល​ព្រំដែន​គោក​ និង​កម្លាំង​យោធា​បាន​សហការ​គ្នា​យ៉ាងស្អិត​រមួត​ ដើម្បី​ការពារ​​បូរណភាព​ទឹកដី​ ក្នុងស្មារតី​ប្រុងប្រយ័ត្នជាប់ជានិច្ច។​​

វរៈសេនីយ៍ត្រី សំបូរ មុន្នីសី បញ្ជាក់ថា កងកម្លាំងនគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​ ដែលកំពុង​ឈរជើង​នៅតំបន់​មុំបី បានប្ដេជ្ញាចិត្តខ្ពស់​នៅក្នុងការ​ការពារ​ទឹកដី ការពារប្រជាជន​ មិន​ឲ្យជនឈ្លានពាន​ណាមួយ​បំពាន​ឬរំលោភ​មកលើទឹកដីកម្ពុជា​ជាដាច់ខាត។

ចាប់តាំងពីការប៉ះទង្គិច​គ្នារវាងកងទ័ពកម្ពុជា​និងកងទ័ពថៃ កាលពីចុងខែឧសភា​មកនោះ មកដល់ពេល​នេះ​កម្លាំង​​នគរបាល​ការពារព្រំដែន​គោកលេខ​១០៥បានត្រៀម​យុទ្ធសាស្រ្តគ្រប់គ្រាន់​និងការត្រៀមស្បៀង​គ្រប់គ្រាន់​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្លាំង​ជួរមុខ​​​។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំមានការព្រួយបារម្ភ​ គឺកម្លាំង​នគរបាល និងយោធា​ បានសហការគ្នាយ៉ាងល្អ នៅក្នុងការ​ការពារ​បូរណភាព​ទឹកដី​។​

ជម្លោះព្រំដែនកម្ពុជានិងថៃ ញាំងឲ្យ​ប្រជាជន​ចូលរួម​ជាស្មារតីគាំទ្រ​ទាំង​កម្លាំងចិត្ត និងស្បៀងអាហារ​ផ្សេងៗ​ជាហូរហែ ម៉្លោះហើយ​ លោកវរសេនីយ៍ត្រី សំបូរ មុន្នីសី បានថ្លែង​អំណរគុណដល់សម្បុរសជន​និង​ស្នើ​ឲ្យ​ប្រជាជន​ទាំង​អស់​បន្ដការគាំទ្រ​ទាំងស្មារតី និងស្បៀងអាហារ​បន្ដទៀត​ដើម្បីជាកម្លាំងចិត្តកាន់តែខ្លាំង​សម្រាប់​កងកម្លាំង​ ហើយក៏ជាផ្នែក​មួយ​នៃការបញ្ជាក់​ឲ្យពិភពលោក​ឃើញថា​កម្ពុជា​មានការសាមគ្គីភាព​រួមជាថ្លុងមួយ​ នៅក្នុងចំណែក​នៃការការពារ​ទឹកដី​របស់ខ្លួន។​

​មុំបីជាចំណុចចាប់ផ្ដើម​នៃការបង្កើត​ភាពតានតឹងព្រំដែន​ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​លប​បាញ់លើកងទ័ពកម្ពុជា​ បណ្ដាល​ឲ្យយោធាម្នាក់ស្លាប់​កាលពីថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥។ ចាប់តាំងពីពេលនោះមក​ស្ថានភាព​ព្រំដែន​បានឡើងកម្ដៅ​ដោយកងទ័ព​កម្ពុជា​និងថៃបានបង្កើនកម្លាំងទ័ព​ទាំងសងខាង​នៅតាមបណ្ដោយព្រំដែន​នៃប្រទេសទាំងពីរ។ ជម្លោះព្រំដែន​នេះ​ ភាគីកម្ពុជា​បានសម្រេចចិត្ត​យកសំណុំរឿង​មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទ​តាក្របី​ ទៅប្ដឹងនៅតុលាការយុត្តិធម៌អន្ដរជាតិ​ ICJ៕​

Share.