ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទី នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ បានរៀបចំ កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស RBC នៅពេលបន្ទាប់។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ កម្ពុជា និង ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ថៃ។

កិច្ចប្រជុំមានការចូលរួមពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សា និងរៀបចំផែនការជាក់លាក់ សម្រាប់ការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាង ដោយអនុវត្តជាដំណាក់កាល និងជាជំហានៗ នៅក្រោមការសង្កេតរបស់ AOT ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ក្នុងការគោរព និងអនុវត្តតាមអ្វីដែលបានឯកភាពគ្នា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា–ថៃ (GBC) កាលពីថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី។

ក្រោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានបង្ហាញកាយវិការសុច្ឆន្ទៈ ដោយដករថពាសដែកចំនួនពីរគ្រឿងទាំងសងខាងត្រឡប់ទៅទីតាំងដើមវិញ កាលពីយប់ថ្ងៃទី២៦ ខែតុលា វេលាម៉ោង ៩:០០នាទី។ តាមរបាយការណ៍ កិច្ចប្រជុំពិសេសនេះ បានធ្វើឲ្យមាន ការរីកចម្រើនវិជ្ជមាន និងសន្តិភាពជាបន្តបន្ទាប់តាមបណ្តោយព្រំដែន ដោយជំហានបន្ទាប់ នឹងជាកិច្ចប្រជុំពិសេស RBC នៅពេលរសៀលថ្ងៃដ៏ដែលនេះ៕

Share.