បាត់ដំបង÷ បុរស២នាក់ បានរបួសធ្ងន់ក្រោយយកគ្រាប់កាំភ្លើងច្នៃធ្វើជាស៊ីម៉ាំងកាណូតបណ្តាលឲ្យផ្ទុះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីផ្ទុះគ្រាប់នេះបានកើតឡើងនៅល្ងាច ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបន្ថែមថា÷ មុនពេលកើតហេតុជនរងគ្រោះឈ្មោះផាន សុភ័ក្ត្រ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកគ្រាប់សេកាសេឡង់មួយគ្រាប់ ដែលទុកចោលរយ:ពេលយូរសល់ពីសម័យសង្គ្រាមទៅឲ្យឈ្មោះយ៉ា រ៉ានី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ាសុីនកាណូតដើម្បីកែច្នៃធ្វើជាស៊ីម៉ាំងសម្រាប់ដាក់កាណូត ភ្លាមនោះពេលដែលជាងកំពុងកាត់ច្នៃស្រាប់តែផ្ទុះយ៉ាងកក្រើកតែម្តង បានបណ្តាលឲ្យអ្នកទាំង ២នាក់រងរបួសជើង និងដងខ្លួន។ ជនរងគ្រោះទាំង ២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

អត្ថបទ: ដំបងក្រញូង

Share.