ក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កម្ពុជា ដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ២ ក្រោយបរាជ័យដោយលទ្ធផល ០-៤ ទល់នឹង ក្រុមម្ចាស់ផ្ទះវៀតណាម II នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួតនៃបណ្តាប្រទេសក្នុង តំបន់អាស៊ាន ឆ្នាំ២០២៥ ASEAN Police Football Open 2025 នារាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងពហុកីឡាដ្ឋាន Hang Day នារដ្ឋធានី Hanoi ប្រទេសវៀតណាម។

ថ្វីត្បិតមិនទទួលបានជើងឯក ប៉ុន្តែក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កម្ពុជា ពិតជាធ្វើបានល្អ ដោយឆ្លងកាត់ ៣ប្រកួតជម្រុះក្នុងពូល រួមមក ក្នុងពូល A រួមមាន៖
- ក្រសួងមហាផ្ទៃ ៤-២ វៀតណាម
- ក្រសួងមហាផ្ទៃ ២-១ ឡាវ
- ក្រសួងមហាផ្ទៃ ៤-២ ថៃ
លុះដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ក្រុមក្រសួងមហាផ្ទៃ កម្ពុជា បានឈ្នះក្រុមទីម័រខាងកើត ដោយបាល់កាត់ក្តី១១ម៉ែត្រ ១០-១១ ក្រោយស្មើគ្នា២-២ ចប់ការប្រកួត ឡើងមកកាន់វគ្គផ្ដាច់ពរ័ត្រ ជួបក្រុមម្ចាស់ផ្ទះវៀតណាម II។

ការប្រកួតកីឡាបាល់ទាត់ ASEAN Police Football Open 2025 មានប្រាក់រង្វាន់សរុប ៧ម៉ឺនដុល្លារ។ ម្ចាស់ជើងឯកនឹងទទួលបាន ៣ម៉ឺនដុល្លារ ពានរង្វាន់មួយ និងមេដាយមាស។ ជើងឯករងទទួលបាន ១ម៉ឺន ៥ពាន់ដុល្លារ និងមេដាយប្រាក់ ខណៈក្រុមចំណាត់ថ្នាក់លេខ៣ ទាំងពីរ នឹងទទួលបាន ១ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួតនៃបណ្តាប្រទេសក្នុង តំបន់អាស៊ាន ឆ្នាំ២០២៥ASEAN Police Football Open 2025 ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥ មាន ៧ប្រទេស ចូលរួម ចែកចេញជា ២ពូលរួមមាន៖
- ពូល A៖ ក្រុមសន្តិសុខសាធារណៈវៀតណាម I, ឡាវ, ថៃ, កម្ពុជា
- ពូល B៖ ក្រុមសន្តិសុខសាធារណៈវៀតណាម II, អូស្ត្រាលី, សិង្ហបុរី, ទីម័រខាងកើត៕



