កំពង់ធំ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំមន្ត្រីជំនាញខេត្តកំពង់ធំ ចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

លោក ចាន់ បញ្ញាវ័ន្ដ បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បានសត្វគោក្របីសរុប១៥០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាលមួយចំនួន និងវ៉ាក់សាំងសាទឹក២.០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ។

លោក ប្រធានការិយាល័ខាងលើនេះបានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ កំពង់ធំ

