ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម២៣ឆ្នាំ ឡើងទៅកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ានអាយុក្រោម២៣ឆ្នាំ ASEAN U-23 Mandiri Cup™ 2025 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម២៣ឆ្នាំ បានកកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ប្រចាំតំបន់អាស៊ានអាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២៥នេះ បន្ទាប់ឆ្លងកាត់ ៣ប្រកួតឈ្នះ២ ចាញ់១ ក្នុងពូល A ដោយយកឈ្នះម៉ាឡេស៊ី ២-០ ឈ្នះប្រ៊ុយណេ ២-០ និងចាញ់ឥណ្ឌូណេស៊ី ១-០ ឈរលេខ២ ក្នុងពូល។
ដោយចាប់តាំងពីចូលរួមប្រជែងក្នុងពានមួយនេះ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម២៣ឆ្នាំ ពុំធ្លាប់ឆ្លងផុតវគ្គជម្រុះក្នុងពូលឡើង៖
- នៅឆ្នាំ២០០៥ ហ្វីលីពីន នៅពូលជាមួយ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រ ខាងកើត ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ មិនបានឡើងវគ្គបន្ត។ ម្ចាស់ជើងឯកកាលនោះ ថៃ។
- នៅឆ្នាំ២០១៩ ហ្វីលីពីន នៅពូលជាមួយ វៀតណាម ថៃ និងទីម័រ ខាងកើត ឆ្លងកាត់ ៣ប្រកួត ចាញ់ទាំង៣ប្រកួត មិនបានឡើងវគ្គបន្ត។ ម្ចាស់ជើងឯកកាលនោះ ឥណ្ឌូណេស៊ី។
- នៅឆ្នាំ២០២២ ហ្វីលីពីន នៅពូលជាមួយ ទីម័រ ខាងកើត កម្ពុជា និងប្រ៊ុយណេ ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ មិនបានឡើងវគ្គបន្ត។ ម្ចាស់ជើងឯកកាលនោះ វៀតណាម។
- នៅឆ្នាំ២០២៣ ហ្វីលីពីន នៅពូលជាមួយ វៀតណាម និងឡាវ ឆ្លងកាត់ ២ប្រកួត ស្មើ១ និងចាញ់១ មាន១ពិន្ទុ មិនបានឡើងវគ្គបន្ត។ ម្ចាស់ជើងឯកកាលនោះ វៀតណាម។

ឈានដល់ឆ្នាំ២០២៥នេះ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម២៣ឆ្នាំ បានសាងប្រវត្តិសាស្ត្រថ្មី ដោយឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ប្រចាំតំបន់អាស៊ានអាយុក្រោម២៣ឆ្នាំ ដែលនឹងត្រូវជួបវៀតណាម ខណ:ក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ កក្កដា ក្នុងកីឡដ្ឋាន Gelora Bung Karno ទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី ចាប់ពីម៉ោង ៤:០០នាទីរសៀលតទៅ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ានអាយុក្រោម២៣ឆ្នាំ ASEAN U-23 Championship ឆ្នាំ២០២៥ មាន ១០ប្រទេសចូលរួមប្រកួតប្រជែង ដោយកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម និងឡាវ ពូល A មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ខណ:ពូល C មាន ថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ ដោយការប្រកួត ធ្វើឡើងចាប់ពីថ្ងៃទី១៥ និងបញ្ចប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕


