បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកូនចិញ្ចឹមជនជាតិខ្មែរ Maddox ត្រូវហោះត្រលប់ពីសកលវិទ្យាល័យនៅប្រទេសកូរ៉េ មកកាន់សហរដ្ឋអាមេរិកវិញ ហើយមកដល់ពេលនេះ Maddox មិនទាន់វិលត្រលប់ទៅវិញនៅឡើយទេ ព្រោះរូបគេបានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធភាពយន្ត «Eternals» ដែលសម្ដែងដោយអ្នកម្ដាយ Angelina Jolie ជាមួយនឹងប្អូនៗ៤នាក់ទៀត។
![](https://troryorng.com/wp-content/uploads/2021/10/fn-2021-10-21-13-21-17-4-1024x685.jpg)
កំពូលសម្ដែងមានឈ្មោះបោះសំឡេងប្រចាំហូលីវូដ លោកស្រី Angelina Jolie បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងកម្មវិធីសម្ពោធភាពយន្តដែលលោកស្រីសម្តែង គឺរឿងបែបវីរបុរសថ្មីរបស់ផលិតកម្ម Mavel រួមជាមួយនឹងកូនៗទាំង៥នាក់មាន៖ កូនប្រុសច្បង Maddox (ម៉ាដុក), កូនភ្លោះ Vivienne (វីវៀន) និង Knox (ណុកស៍), កូនស្រី Zahara (ហ្សាហារ៉ា) និង Shiloh (ហ្សីឡូ) កាលពីពេលថ្មីៗនេះនៅទីក្រុង Los Angeles។ នេះបើយោងតាមការចេញផ្សាយពីរបស់សារព័ត៌មាន People។
![](https://troryorng.com/wp-content/uploads/2021/10/fn-2021-10-21-13-21-17-2.jpg)
នៅក្នុងភាពយន្តថ្មីនេះ លោកស្រី Angelina Jolie បានដើរតួជាតួអង្គម្នាក់ឈ្មោះ Thena (ថេណា) មានលក្ខណៈសម្បត្តិពិសេសអាចបង្កើតអាវុធនានាៗបានភ្លាមៗដោយប្រើប្រាស់ថាមពលលោហៈធាតុ។ ក្រៅពីកំពូលតារាភាពយន្តរូបនេះ ភាពយន្តថ្មី «Eternals» ក៏មានការចូលរួមសម្តែងពីតារាចំរុះជាតិសាសន៍ជាច្រើនផ្សេងទៀត ដូចជា តារាសម្ដែង Gemma Chan (ជេមម៉ា ឆាន់) ជាតារាអង់គ្លេសកាត់អាស៊ី, លោក Don Lee (ដុន លី) ជាតារាសម្ដែងកូរ៉េកាត់អាមេរិកកាំង ថែមទាំងមានការដឹកនាំថតដោយ អ្នកដឹកនាំជនជាតិចិនលោកស្រី Chloe Zhao (ខ្លូអ៊ី ហ្ស៉ាវ) ដែលទើបតែទទួលបានពានរង្វាន់អូស្កាជាច្រើននៅឆ្នាំនេះទៀតផង។
![](https://troryorng.com/wp-content/uploads/2021/10/fn-2021-10-21-13-21-17-3-1024x652.jpg)
សូមជំរាបថា បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការ រឿងអភិនិហារបែបវីរៈបុរសថ្មីរបស់ផលិតកម្ម Mavel គឺ «Eternals» នឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានានៅទូទាំងពិភពលោកចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីរឿងនេះបានពន្យារពេលបញ្ចាំងនៅតាមរោងភាពយន្តនានារយៈពេលមួយឆ្នាំដោយសារតែវិបត្តិកូវីដ-១៩៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)