ហេតុការណ៍ផ្ទុះគ្រាប់បែកដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ កាលពីវេលាម៉ោងជាង ៧ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយគេសង្ស័យថា ក្រុមក្រុមបះបោរក្នុងស្រុកបានបំផ្ទុះគ្រាប់បែកលើអង្គភាពការពារគ្រូបង្រៀន ដោយបណ្ដាលឲ្យប៉ូលិស ៦នាក់រងរបួស និងអ្នកភូមិម្នាក់នៅមុខហាងលក់គ្រឿងសំណង់ស្ពាន Chu Rae ស្រុក Su-ngai Padi ខេត្ត Narathiwat។

បច្ចុប្បន្នមន្ត្រីស្ថាប័នពាក់ព័ន្ធកំពុងចុះពិនិត្យកន្លែងកើតហេតុ ដែលគេសន្និដ្ឋានដំបូងថា អាចជាស្នាដៃររបស់ក្រុមបះបោរក្នុងស្រុក ដែលត្រូវបន្តការស៊ើបអង្កេត និងពន្លឿនការតាមចាប់ជនដៃដល់មកកាត់ទោសឲ្យបានឆាប់។



យ៉ាងណាក៏ដោយ ក្នុងថ្ងៃតែមួយនេះខេត្តភាគខាងត្បូងថៃបានជួបហេតុការណ៍ផ្ទួនៗគ្នា ដោយជនល្មើសបានបាញ់ប្រហារលើជនរងគ្រោះ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែកក្កដា ក្នុងពិធីបុណ្យទេសចរ Kiriwong ស្ថិតក្នុងខេត្ត Nakhon Si Thammarat ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស។

ជាងនេះទៀត កាលពីកាលពីរសៀលថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្មាន់កាំភ្លើងជាជនជាតិថៃម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារ Or Tor Kor ក្នុងទីក្រុងបាងកក ពាកព័ន្ធនឹងជម្លោះបុគ្គល ដោយនាំឲ្យអ្នកស្លាប់ក្នុងហេតុការណ៍សរុបដល់ទៅ៦នាក់ឯណោះ ៕

