យោងតាមកាសែត Khao Sod បានចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា នេះ ថា មេទ័ពភូមិភាគ២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង បានប្រកាសផែនការវាយយកប្រាសាទតាក្របីឱ្យបាន និងបិទច្រកចូលប្រាសាទតាមាន់ធំបណ្ដោះអាសន្ន ឬអចិន្រ្តៃយ៍ មុនពេលចូលនិវត្តន៍ដែលនៅសល់តែ ៥១ថ្ងៃទៀតប៉ុណ្ណោះ។

មេទ័ពល្មោភសង្រ្គាមរូបនេះ បាននិយាយថា ទាហានថៃ ព្យាយាមវាយបកយកប្រាសាទតាក្របី ៤ដង ក្នុងពេលប្រយុទ្ធគ្នា ៤ថ្ងៃកន្លងមក ដោយវាយចេញពីទីតាំង ១១កន្លែង ប៉ុន្ដែមិនទទួលបានជោគជ័យទេ ដោយសារតែការវាយបកខ្លាំង និងហើយមានមីនច្រើននៅតំបន់ជុំវិញ។

យ៉ាងណាម៉ិញ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានចេញមកបញ្ជាក់ថា ការប្រកាសរបស់មេទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាតក្លាង ក្នុងការប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសេសសល់តែ ៥១ថ្ងៃ ទៀតនោះ ជាភស្ដុតាងមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

លោកស្រីបន្ដថា ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើនេះ ក៏ជាការំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗ នៅប្រទេសម៉ាឡេស៊ីផងដែរ។

កាលពីក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំង២ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបសើខ្លួនដែលឈរជើងឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា សូមគូសបញ្ជាក់អពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្ដិវិធី និងប្រកាន់គោលការណ៍សន្ដិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជា សង្ឃឹមថា ភាគីថៃ នឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្ដារមកវិញនូវសន្ដិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំង២ រស់នៅក្នុងសុខសន្ដិភាព៕
ប្រភព៖ KhaoSod , ក្រសួងការពារជាតិកម្ពុជា

